(កំពង់ចាម)៖ ប្រជាពលរដ្ឋចំនួន ៨៣គ្រួសារ ដែលដំណាំស្រូវរបស់ពួកគាត់រងគ្រោះខូចខាតដោយសារការប្រែប្រួលអាកាសធាតុ ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកជើងព្រៃ ទទួលបានអំណោយស្រូវពូជ ពីរដ្ឋាភិបាល ក្នុងមួយគ្រួសារទម្ងន់ ១០០គីឡូក្រាម ផ្តល់ជូនតាមរយៈថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្តកំពង់ចាម។
ការផ្ដល់ស្រូវពូជ ជូនប្រជាពលរដ្ឋខាងលើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងបរិវេណសាលាស្រុកជើងព្រៃ ក្រោមអធិបតីភាព លោក ផេង គឹមស៊្រុន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងអភិបាលរងខេត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត ។
លោក អ៊ុន ចាន់ដា បានឱ្យដឹងថា ប្រជាពលរដ្ឋទាំង ៨៣ គ្រួសារ មកពីឃុំចំនួន៣ ដែលដំណាំស្រូវរបស់ពួកគាត់រងគ្រោះដោយ គ្រោះរាំងស្ងួត និងទឹកជំនន់ ក្នុងនោះប្រជាពលរដ្ឋក្នុងឃុំត្រពាំងគរ និងឃុំព្រីងជ្រុំ ជួបបញ្ហាគ្រោះរាំងស្ងួត រីឯប្រជាពលរដ្ឋនៅឃុំព្រៃចា គឺរងគ្រោះដោយសារទឹកជំនន់ ដែលចូលពីជំនន់ទន្លេមេគង្គ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទោះបីយ៉ាងណាក៏ដោយ ក៏អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងចូលរួមក្នុងការដោះស្រាយ នូវទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ហើយឈានមកដល់ដំណាក់កាលស្តារ ដោយ ផ្តល់ជូនស្រូវពូជ ជូនបងប្អូនដើម្បីមានលទ្ធភាពដាំដុះបង្កបង្កើនផលឡើងវិញ ដើម្បីជួយដោះស្រាយនូវជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ៕