(ភ្នំពេញ)៖ បុរសជនជាតិម៉ុងហ្គោលម្នាក់ លួចប្រាក់ធនាគារកាណាឌីយ៉ារាប់ម៉ឺនដុល្លារអាមេរិក តាមរូបភាពបើកគណនីធនាគារក្លែងក្លាយ។ ប៉ុន្តែទោះបីយ៉ាងណា ជនល្មើសត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ។
បុរសជនជាតិម៉ុងហ្គោលរូបនេះឈ្មោះ Kanzi Frangis Olvier អាយុ៣០ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះកាលពីរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ក្រោមការចោទប្រកាន់ពីបទ «ប្រើប្រាស់ឯកសារសាធារណៈក្លែង»។
សវនាការនេះ ដឹកនាំដោយលោក កែវ មុនី ជាចៅក្រមជំនុំជម្រះ និងលោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ ។
នាពេលសវនាការ ជនជាប់ចោទបដិសេធថា ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។
ដោយឡែក មេធាវីតំណាងធនាគារកាណាឌីយ៉ា បញ្ជាក់ថា ជនជាប់ចោទបានទៅបើកគណនីក្លែងក្លាយ នៅធនាគារកាណាឌីយ៉ាចំនួនពីរ។ ពេលនោះជនជាប់ចោទ បានប្រើប្រាស់ឈ្មោះមួយរួចបានឲ្យគេផ្ញើលុយពីហុងកុង ចំនួន៤៨០០០ដុល្លាចូលគណនីរបស់គេ ហើយជនជាប់ចោទបានទៅដកលុយពី ធនាគារចំនួន៤៨០០០ដុល្លារ។ ក្រោយមកមិនបានប៉ុន្មានថ្ងៃផងជនជាប់ចោទ បានមកបើកលុយម្តងទៀតតែត្រូវសន្តិសុខ ធនាគារកាណាឌីយ៉ាចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ក្នុងសំណុំរឿងនេះ មេធាវីតំណាងធនាគារកាណាឌីយ៉ា ទាមទារប្រាក់ចំនួន៤៨០០០ដុល្លារនិងប្រាក់ជំងឺចិត្តមួយម៉ឺនដុល្លារ។
លោកស្រី ស៊ី វណ្ណនី តំណាងអយ្យការ សន្និដ្ឋានថា ទោះបីជាជនជាប់ចោទមិនសារភាពក៏ដោយ តែពិនិត្យអង្គហេតុពិតជាមានអំពើនេះកើតឡើងមែន ។ ដូច្នេះ តំណាងអយ្យការ តម្កល់បទចោទប្រកាន់ទុកជាបានការដដែល។ ទោះបីយ៉ាងណា ក្រោយការសួរដេញដោល លោកចៅក្រម កែវ មុនី បានលើកពេលប្រកាសសាលក្រមទៅរសៀលថ្ងៃទី១០ ខែតុលាខាងមុខនេះវិញ៕