(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសេចក្ដីបំភ្លឺជូនថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយអំពីជំហរគាំទ្ររបស់កម្ពុជាលើគំនិតផ្តួចផ្តើម Six countries, One Destination (ប្រទេស៦គោលដៅតែមួយ) ដែលបានលើកឡើងដោយភាគីថៃ ក្នុងឱកាសដែលលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក តុសិត មនាព័ន្ធ (Dusit MANAPAN) ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងគណៈប្រតិភូ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើ ក្រសួងទេសចរណ៍បានបញ្ជាក់ជូនសាធារណជន និងសារព័ត៌មានជាតិនិងអន្តរជាតិទាំងអស់ជ្រាបថា នៅក្នុងជំនួបខាងលើ ក្រសួងទេសចរណ៍បានបញ្ជាក់ទៅភាគីថៃថាក្រសួងសូមធ្វើការកត់សម្គាល់លើគំនិតផ្តួចផ្តើម Six countries, One Destination និងស្នើសុំភាគីថៃផ្តល់ឯកសារទស្សនទានដែលគ្រប់ជ្រុងជ្រោយ និងឯកសារពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះតាមផ្លូវការទូត ដូចមានបញ្ជាក់ក្នុងលិខិតផ្លូវការរបស់ក្រសួងទេសចរណ៍ លេខ ១៦៣ MOT ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ផ្ញើជូនស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា។
ក្នុងន័យនេះ ក្រសួងទេសចរណ៍បានស្នើឱ្យសារព័ត៌មានជាតិនិងអន្តរជាតិ សូមកែតម្រូវ និងបញ្ឈប់រាល់ការផ្សាយព័ត៌មានដែលប្រាសចាកពីជំហរពិតប្រាកដរបស់ក្រសួងទេសចរណ៍ ដែលអាចបណ្តាលឱ្យមានការភាន់ច្រឡំដោយប្រការណាមួយជាយថាហេតុ។
សូមជម្រាបថា នៅក្នុងជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក តុសិត មនាព័ន្ធ (Dusit MANAPAN) ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ភាគីថៃបានលើកឡើងគំនិតផ្តួចផ្តើម 6 countries, one destination (ប្រទេស៦គោលដៅតែមួយ) ដើម្បីទាក់ទាញទេសចរអន្តរជាតិបន្ថែម។ ក្នុងនោះ លោករដ្ឋមន្ត្រីទេសចរណ៍ក៏បានស្នើសុំភាគីថៃផ្ញើនូវឯកសារទស្សនទានគ្រប់ជ្រុងជ្រោយមកកម្ពុជាតាមផ្លូវការទូត៕