(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានចេញលិខិតអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ធនាគារ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អង្គការស៊ីវិល និងសប្បុរសជន ក្នុងខេត្តពោធិ៍សាត់ទាំងអស់ ចូលរួមចំណែកគាំទ្រ ព្រឹត្តិការណ៍អុំទូក ថ្នាក់ខេត្ត ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។

ក្នុងសេចក្តីបំភ្លឺព័ត៌មាននោះ បានបញ្ជាក់ថា រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយស សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អាជីវករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ធនាគារ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អង្គការស៊ីវិល និងសប្បុរសជន ក្នុងខេត្តពោធិ៍សាត់ទាំងអស់ មេត្តាជ្រាបថា ដើម្បីអបអរសាទរក្នុងពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តិការណ៍ (អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក) នៅលើបុរីវប្បធម៌កោះសំពៅមាស និងតាមដងផ្លូវលេខ១០១ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។

ដើម្បីឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន មានភាពអធិកអធម និងសប្បាយរីករាយ ចូលរួមចំណែកគាំទ្របុណ្យប្រពៃណីជាតិរបស់យើង ព្រមទាំងចូលរួមឧបត្ថម្ភលើកទឹកចិត្ត ដល់កីឡាករផងដែរនោះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមអំពាវនាវ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន ក្នុងនិងក្រៅខេត្ត មេត្តាជួយឧបត្ថម្ភ គាំទ្រជាថវិកា សម្ភារ ដល់រដ្ឋបាលខេត្ត តាមលទ្ធភាពរៀងៗខ្លួន។

រដ្ឋបាលខេត្តពោធិ៍សាត់ សង្ឃឹមជឿជាក់លើស្មារតីជួយឧបត្ថម្ភពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជន ដែលតែងតែឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកន្លងមក។

បញ្ជាក់៖ អំណោយចាប់ផ្តើមទទួល ពីថ្ងៃជូនដំណឹងនេះតទៅ
សូមទំនាក់ទំនង៖
ទី១-លោក ខូយ បរមី នាយករងរដ្ឋបាលសាលាខេត្ត ទូរស័ព្ទលេខ៖ ០៩២ ៥០៩ ៩១១
ទី២-លោក ធាង សេង នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ទូរស័ព្ទលេខ៖ ០១២ ៩៦៦ ៩៧២
ទី៣-លោក សួន ចំរើនភារៈ ប្រធានការិយាល័យគណនេយ្យសាលាខេត្ត ទូរស័ព្ទលេខ៖ ០៧៧ ៥២៥ ៤៥៦