(ភ្នំពេញ)៖ ឆ្លើយទបទៅនឹងក្រុមសហជីពមួយចំនួនតូច ដែលដែលបានប្រកាសមិនសប្បាយចិត្តហើយ នឹងស្នើសុំឲ្យរាជរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់សហជីព ដែលទើបរដ្ឋសភាអនុម័តក្នុងពេលថ្មីៗនេះ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-NACC បានថ្លែងឲ្យដឹងថា ក្រុមសហជីពលោកជាក្រុមមួយធំជាងគេ មកដល់ពេលនេះមិនទាន់មានបំណងណាមួយ ស្នើសុំឲ្យមានការធ្វើវិសោធនកម្ម ច្បាប់សហជីពដ៏ថ្មីនេះទេ។
លោកបានបន្ថែមថា ច្បាប់ស្តីពីសហជីពគឺជាសមិទ្ឋិផលរួមមួយ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យន្តការត្រីភាគី និងមានការចូលរួមប្រឹក្សាយោបល់ និងផ្តល់បច្ចេកទេសពីអង្គការជាដៃគូរនានា។
លោកបានបន្តថា ក្រុុមសហជីពរបស់លោកបាននឹងកំពុងតែតាមដាន យ៉ាងយកចិត្តទុកដាក់ ក្នុងការអនុវត្តច្បាប់សហជីពដ៏ថ្មីនេះ ហើយមកដល់ពេលនេះមិនទាន់ឃើញនូវសញ្ញាព្រួយបារម្មណាមួយឡើយ ហើយ អ្វីដែលជាការព្រួយបារម្មណ៏នោះគឺការផ្សព្វផ្សាយច្បាប់ថ្មី មិនទាន់បានជ្រួតជ្រាបដល់សហជីព និងកម្មករនិយោជិត ក៏ដូចជាមន្ត្រីពាក់ព័ន្ឋ ដែលធ្វើអោយចំនុចខ្លះហាក់បី ដូចការអនុវត្តលើសច្បាប់ដែលបានចែង។
លោកបានបន្តថា បើនិយាយពីអាយុកាលវិញច្បាប់នេះទើបតែត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ បានន័យថាអាយុមិនទាន់បានមួយខួបផង ហើយការអនុវត្តជាក់ស្តែងក៏មិនទាន់ត្រូវបានរឹតបន្តឹងនៅឡើយ។
លោកក៏បានលើកឡើងថា ជាធម្មតាច្បាប់ដែលបង្កើតឡើង ពិតជាមានការតឹងរឹុងខ្លះហើយ ប្រសិនបើប្រៀបធៀបទៅនឹងស្ថានភាពមិនទាន់មានច្បាប់ តែទោះយ៉ាងណាយើងត្រូវតែរួមគ្នា និងខិតខំអនុវត្តច្បាប់ទាំងអស់គ្នា ដើម្បីថែរក្សាការពារវិស័យសេដ្ឋកិច្ចជាតិ អោយមានស្ថេរភាពល្អប្រសើរ ដើម្បីធានាបានសន្តិសុខការងារ និងសុខដុមនីយកម្ម ។
លោក សោម អូន ក៏បានផ្តល់ជាយោបល់ដល់ក្រុមសហជីព និងអង្គការសង្គមសុីវិលគ្រប់និន្នការនយោបាយទាំងអស់ គួរតែខិតខំចូលរួមអនុវត្តច្បាប់សហជីព អោយមានប្រសិទ្ឋិភាព និងជាពិសេសចូលរួមផ្សព្វផ្សាយខ្លឹមសាច្បាប់អោយបានទូលំទូលាយ។
លោកក៏បានស្នើទៅក្រសួងការងារគួរបង្កើតនូវយន្តការមួយសម្រាប់ធ្វើការផ្ទាល់ ជាមួយក្រុមសហជីពដើម្បីសហការពិនិត្យទៅលើកង្វល់នានា ក្នុងការអនុវត្តជាក់ស្តែង ពីព្រោះលោកយល់ថា ការអនុវត្តច្បាប់ថ្មីមួយវាចៀសមិនផុតអំពីបញ្ហាប្រទាំងប្រទើសទេ ដូចនេះមានតែបង្កើតនូវយន្តការមួយ ដើម្បីតាមដានត្រួតពិនិត្យនិងសហការ សម្របសម្រួលអោយបានជិតស្និទ្ឋិជាមួយក្រុមសហជីព ដែលជាតួអង្គដ៏សំខាន់នៅក្នុងរឿងនេះ៕