(សៀមរាប)៖ ឧកញ៉ាបណ្ឌិត ខែក លាង និងលោកជំទាវ លី ស៊ីវឆែ ព្រមជាមួយបុត្រធីតា បានបរិច្ចាគថវិកាចំនួន ២៥៧,៧០០ដុល្លារអាមេរិក កសាងសមិទ្ធផលជាច្រើននៅក្នុងវត្ត មហាប្រាសាទរាជាធិបតី ហៅវត្តព្រិន្ទ ដែលស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមលិខិតបញ្ជាក់ស្ដីពីការទទួលសមិទ្ធផលនានា របស់ព្រះចៅអធិការវត្ត មហាប្រាសាទរាជាធិបតី ហៅវត្តព្រិន្ទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
យោងតាមលិខិតបញ្ជាក់ស្ដីពីការទទួលសមិទ្ធផលនានាដដែលបានឱ្យដឹងថា ឧកញ៉ាបណ្ឌិត ខែក លាង និងលោកជំទាវ លី ស៊ីវឆែ ព្រមជាមួយបុត្រធីតា បានបរិច្ចាគថវិកាចំនួន ១០៥,០០០ដុល្លារអាមេរិក ក្នុងការចូលរួមចំណែក ជួយកសាងព្រះវិហារថ្មីមួយ (បច្ចុប្បន្ននៅកសាងមិនទាន់រួចរាល់) និងថវិកាចំនួន ១២៣,៨០០ដុល្លារអាមេរិក ក្នុងការកសាងក្លោងទ្វាធំខាងក្នុងព្រះវិហារថ្មី ដែលមានបណ្ដោយពីជើងទៅត្បូងប្រវែង ១៤,៨០ម៉ែត្រ និងកម្ពស់ ២១ម៉ែត្រ ទន្ទឹមគ្នានេះក៏មានការរៀបចំសែនព្រេនក្រុងពាលីតាមប្រពៃណីខ្មែរ ដោយបានចំណាយទឹកប្រាក់អស់ ១,០០០ដុល្លារបន្ថែមទៀត មុនពេលចាប់ផ្ដើមកសាងក្លោងទ្វារថ្មីនេះ។
បន្ថែមពីនេះ ឧកញ៉ាបណ្ឌិត ខែក លាង និងលោកជំទាវ លី ស៊ីវឆែ ព្រមជាមួយបុត្រធីតា បានបរិច្ចាគថវិកា ក្នុងការធ្វើរបងបេតុងចំនួន៨ផ្ទាំង ដោយក្នុងមួយផ្ទាំងៗ មានបណ្ដោយ ៤ម៉ែត្រ កម្ពស់ ៣ម៉ែត្រ និងកម្រាស់ ០,២០ម៉ែត្រ ដដែលចំណាយថវិកាសរុបអស់ចំនួន ១២,០០០ដុល្លារ។ ជាមួយគ្នានេះលោកឧកញ៉ាបណ្ឌិត លោកជំទាវ និងបុត្រធីតា បានចាក់ដីបំពេញបន្ថែមខាងកើត-ត្បូង ពីមុខព្រះវិហារថ្មី អស់ថវិកាចំនួន ១៥,៩០០ ដុល្លាអាមេរិកបន្ថែមទៀត។
ជារួមការកសាងនូវសមិទ្ធផលជាច្រើនដូចបានរៀបរាប់ខាងលើ នៅក្នុងវត្ត មហាប្រាសាទរាជាធិបតី ហៅវត្តព្រិន្ទ ដែលស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបនេះ ជាការបរិច្ចាគថវិកាផ្ទាល់ខ្លួនទាំងស្រុង ពីឧកញ៉ាបណ្ឌិត ខែក លាង និងលោកជំទាវ លី ស៊ីវឆែ ព្រមជាមួយបុត្រធីតាដែលគិតជាទឹកប្រាក់សរុបចំនួន ២៥៧,៧០០ដុល្លារអាមេរិក៕