(ម៉ាឡេស៊ី)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក លុក ស៊ូវ ភូក (Loke Siew Fook) រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានជំរុញឱ្យមានការស្តារជើងហោះហើរឡើងវិញរវាងប្រទេសទាំង២ ឱ្យដូចមុន វិបត្តិជំងឺកូវីដ១៩ ឬឆ្នាំ២០១៩។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ជំរុញឱ្យមានការដាក់ជើងហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរផងដែរ។
លោករដ្ឋមន្ត្រី បានស្នើសុំឱ្យមានការតភ្ជាប់ជើងហោះពីទីក្រុងសំខាន់ៗ របស់ប្រទេសម៉ាឡេស៊ី ដូចជា ទីក្រុងប៉េណាំង ទីក្រុងជហូប៉ារូ និងទីក្រុងកូតាគីណាបាលូ ទៅកាន់កម្ពុជា។
សូមជម្រាបថា បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ ស្តីពីការចរចាកិច្ចព្រមព្រៀងសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដែលរៀបចំដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO Air Services Negotiation Event - ICAN2024) ចាប់ពីថ្ងៃទី ២១-២៥ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សា និងសម្រេចនូវការព្រមព្រៀងនានា ពាក់ព័ន្ធនឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស៕