(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WaSSIP) និងគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WASAC) ជាមួយក្រុមការងាររបស់ធនាគារពិភពលោក(WB) ដឹកនាំដោយលោក កូវ ភីរម្យ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក មន្ត្រីជំនាញបច្ចេកទេសនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ តំណាងទីប្រឹក្សាជាតិផ្នែកគាំពារសង្គម និងបរិស្ថាន ផ្នែកគណនេយ្យភាពសង្គម ផ្នែកគ្រប់គ្រងគម្រោង ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ផ្នែកលទ្ធកម្ម និងផ្នែកវិស្វកម្មទឹកកខ្វក់ ព្រមទាំងជំនួយការលទ្ធកម្ម និងគ្រប់គ្រងកិច្ចសន្យាគម្រោងផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីពិនិត្យវឌ្ឍនភាពការងារការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WaSSIP) និងគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WASAC) រួមមាន៖ ១៖ វឌ្ឍនភាពជារួមនៃអនុគម្រោងនីមួយៗ ២៖ វឌ្ឍនភាពនៃការតភ្ជាប់តាមផ្ទះ ៣៖ វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីលើកកម្ពស់វិស័យអនាម័យ ក្នុងក្រុងសៀមរាប ៤៖ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ស្ថាប័នសម្រាប់ការអភិវឌ្ឍសេវាអនាម័យប្រកបដោយបរិយាបន្ន នៅក្រុងសៀមរាប ៥៖ វឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ស្ថាប័ន ក្នុងក្រុងសៀមរាប ៦៖ វឌ្ឍនភាពនៃការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ និង ៧៖ វឌ្ឍនភាពការងារគម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ(WASAC)៕