(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផលកិច្ចប្រជុំ ដើម្បីប្រកាសផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងបណ្តឹងជំទាស់ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងការអញ្ជើញប្រជាពលរដ្ឋឱ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមឃុំ សង្កាត់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពរបស់លោក យិច សមិទ្ធិ សមាជិក គ.ជ.ប ដោយមានភាគីពាក់ព័ន្ធដែលចូលរួមក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាង អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្ស នយោបាយចំនួន១៥ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន១២ ព្រមទាំង អ្នកសារព័ត៌មាន សរុប៦៤នាក់។
លោក យិច សមិទ្ធិ បានថ្លែងថា បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ គ.ជ.ប ត្រូវធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពី បញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ចំនួន ៣ ច្បាប់ ដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងសម្រាប់បិទផ្សាយជាសាធារណៈ ដោយ ១ ច្បាប់ បិទផ្សាយនៅតាមសាលាឃុំ សង្កាត់ ១ ច្បាប់ទៀត បិទផ្សាយនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ និងផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ១ ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖