ប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសដាក់រដ្ឋ Florida និងរដ្ឋ South Carolina ក្នុងភាពប្រកាសអាសន្ន ត្រៀមទប់ទល់នឹងព្យុះដ៏សាហាវ ខណៈអ្នកស្លាប់កើនដល់២៩៩នាក់
07-10-2016 08:47
(អាមេរិក)៖ ព្យុះកំណាច Hurricane Matthew ដែលជាខ្យល់ព្យុះដ៏សាហាវជាងគេនៅក្នុងតំបន់ Caribbean នៅក្នុង រយៈពេលជិតមួយទសវត្សមកនេះបានបោះពួយយ៉ាងលឿន សំដៅទៅកាន់ភាគខាងត្បូង សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក) ខណៈលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសដាក់រដ្ឋ Florida និងរដ្ឋ South Carolina ក្នុងភាពប្រកាសអាសន្ន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០១៦។
ព្យុះកំណាច Hurricane Matthew បានផ្តាច់យកជីវិតមនុស្សយ៉ាងហោចណាស់ចំនួន ២៩៩នាក់ ដែលភាគ ច្រើននៅក្នុងប្រទេសហៃទី។ ជាមួយគ្នានេះដែរ អាជ្ញាធរសហរដ្ឋអាមេរិកក៏បានចេញសេចក្តីប្រកាសជូនដំណឹង ដល់ប្រជាជនជាង១.៥លាននាក់ ជាពិសេសនៅតាមតំបន់ឆ្នេរនៃរដ្ឋផ្ល័ររីដា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក៏ដូចជា ជម្លៀសខ្លួនចេញពីតំបន់ ដែលអាចនឹងទទួល រងការវាយប្រហារដោយខ្យល់ព្យុះមួយនេះ។
សូមជំរាបថា បើតាមមជ្ឈមណ្ឌលការពារព្យុះជាតិអាមេរិក ព្យុះ Hurricane Matthew ដែលអាចនឹងបាក់បោក ក្នុងល្បឿនខ្យល់ដល់ទៅ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេព្យាករណ៍ថានឹងធ្វើដំណើរទៅកាន់ឆ្នេរ សមុទ្រអាត្លង់ទិច នៃរដ្ឋផ្ល័ររីដា នៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)៕