(កំពង់ចាម)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២៤ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍ និងសុខុមាលភាពរបស់ប្រជាជន»។
ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនេះ បានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាម នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម។
លោក អ៊ុន ចាន់ដា បានលើកឡើងថា ជាការពិតការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាការងារពហុវិស័យជាការងារប្រទាក់ក្រឡាពាក់ព័ន្ធគ្នា ស្ទើរគ្រប់ទិដ្ឋភាព សេដ្ឋកិច្ចសង្គម ដែលធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះគ្រប់វិស័យ គ្រប់ផ្នែកសុទ្ធតែមានការជាប់ពាក់ព័ន្ធ និងត្រូវចូលរួមដោយផ្ទាល់ ឬដោយប្រយោលក្នុងគ្រប់សកម្មភាពនៃការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយនេះ។
បន្ថែមពីលើនេះលោកថា ការរួមចំណែកឧបត្ថម្ភគាំទ្រជាធនធាន សម្ភារៈ មធ្យោបាយ ថវិកាដល់អាជ្ញាធរក្នុងការឆ្លើយតបគ្រោះមហន្តរាយពីសំណាក់ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ សប្បុរសជន នៅតែជាភាពចាំបាច់ដែលមិនអាចកាត់ផ្តាច់បាន ហើយមិនមែនត្រឹមតែជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណែកមួយដើម្បីរួមគ្នាការពារសុខសន្តិភាព និងសេដ្ឋកិច្ចសង្គមរបស់ជាតិយើងទាំងមូល។
ទន្ទឹមក្នុងនោះ លោក អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព គ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវពង្រឹងសមត្ថភាពក្នុងការងារគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំធានាទាំងធនធានមនុស្ស មធ្យោបាយ សម្ភារៈ ថវិកាសម្រាប់ដំណើរការ ការងារ និងត្រៀមឆ្លើយតបគ្រោះមហន្តរាយ។
ក្នុងឱកាសនោះដែរ លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងផងដែរថា «គ្រោះមហន្តរាយកើតឡើងមិនរើសអើងនោះទេ មិនថាប្រទេសក្រីក្រ ឬប្រទេសអ្នកមានសុទ្ធតែកើតមានឡើងនូវគ្រោះមហន្តរាយដូចៗគ្នា។ ដូច្នេះយើងត្រូវធ្វើម៉េច ដើម្បីបង្ការ ទប់ស្កាត់ ពីផលប៉ះពាល់ដែលកើតឡើងពីក្រុមហន្តរាយផ្សេងៗនោះ»។
លោកស្រី ម៉ែន នារីសោភ័គ បានបន្តថា ជាក់ស្ដែងថ្ងៃនេះប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បានប្រារព្ធទិវានេះឡើង ដើម្បីធ្វើការផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់ដឹងអំពីសារៈសំខាន់ ដើម្បីចូលរួមក្នុងការទប់ស្កាត់បញ្ជៀស និងបង្ការពីព្រោះថាការឆ្លើយតបមានការចំណាយច្រើនជាងការទប់ស្កាត់ និងការបង្ការ ហើយក៏មានការប៉ះពាល់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋផងដែរ ប្រសិនបើមានគ្រោះមហន្តរាយកើតឡើង។
ជាមួយគ្នានេះលោកស្រី ម៉ែន នារីសោភ័គ ក៏បានលើកយកនូវសេចក្តីអំពាវនាវ ៣ ចំណុចសំខាន់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលមានខ្លឹមសារថា៖
១៖ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល នៅក្នុងសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាទប់ស្កាត់រាល់ចេតនាបង្កចលាចលសង្គម ការញុះញង់ បង្ករអស្ថេរភាព បំផ្លាញសន្តិភាពក្នុង បំណងទាញសង្គមជាតិ ធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមបង្ហូរឈាមជាថ្មីណាមួយ ដែលជា «គ្រោះមហន្តរាយបង្កដោយមនុស្សដ៏គួរឱ្យភ័យខ្លាច»។
២៖ បង្កើនការយល់ដឹងអំពីមុខសញ្ញាគ្រោះថ្នាក់ ការអប់រំផ្សព្វផ្សាយ ព័ត៌មានព្យាករណ៍ និងការប្រកាសឱ្យដឹងជាមុន និងការចូលរួមទប់ស្កាត់ ការពារ និងកាត់បន្ថយគ្រោះមហន្តរាយ។
៣៖ រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាកំណើនសេដ្ឋកិច្ច ធ្វើការវិនិយោគ ពង្រីកមុខរបរដែលធន់ ដើម្បីរក្សាស្ថេរភាពជីវភាពរស់នៅ ជាមួយការរស់នៅស្អាត បរិស្ថានល្អ និងភូមិ/ឃុំមានសុវត្ថិភាព ក៏ដូចជាការចូលរួមគាំទ្រឧបត្ថម្ភធនធានសម្ភារៈ មធ្យោបាយ ថវិកា ដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កសាងហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាព និងនៅក្នុងសកម្មភាពឆ្លើយតបគ្រោះមហន្តរាយនានា។
ជុំវិញចំណុចខាងលើនេះ លោកស្រីក៏បានគូរសរម្លឹកពីប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន កាលពីកន្លងទៅថា «សង្គ្រាមអាចឆាបឆេះបានយ៉ាងលឿន ហើយងាយ ប៉ុន្តែការបញ្ឈប់សង្គ្រាម និងការកសាងសន្តិភាពត្រូវការពេលវេលាយូរណាស់។ សម្រាប់យុវជនជំនាន់ក្រោយ យើងត្រូវជំរុញឱ្យពួកគេស្គាល់តម្លៃពិតនៃសន្តិភាព ស្គាល់ពីគ្រោះថ្នាក់នៃសង្គ្រាម ស្គាល់ពីការឈឺចាប់នៃការបាត់បង់មនុស្ស ជាទីស្រឡាញ់របស់ខ្លួន និងបណ្តុះឆន្ទៈចូលរួមចំណែកនៅក្នុងការការពារ និងពង្រឹងសុខសន្តិភាពដែលមានស្រាប់ ដើម្បីមនុស្សជាតិគ្រប់រូបស្គាល់ភាពសុខសាន្ត ការអភិវឌ្ឍ និងវិបុលភាព»។
សូមជម្រាបថា ក្នុងឱកាសប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនេះ កាកបាទក្រហមកម្ពុជា ក៏បានរៀបចំកម្មវិធីសំណួរ-ចម្លើយ ជុំវិញប្រធានបទនៃទិវាខាងលើនេះ ដល់អ្នកចូលរួមផងដែរ។ ដោយក្នុងនោះបានសង្កេតឃើញថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, យុវជន សសយក, យុវជនកាយរឹទ្ធជាតិកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា បានជ្រាបកាន់តែច្បាស់ពីការតួនាទីភារកិច្ច ក្នុងការចូលរួមបង្ការ ការពារ និងទប់ស្កាត់ ពីគ្រោះមហន្តរាយធម្មជាតិនេះ៕