(រតនគិរី)៖ អាស្រមលោកតា ប៊ូ ជួង និងលោកតា ខាំឡែន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រេចការសាងសង់បានជាង ៧០ភាគរយ និងរួចរាល់ស្ថាពរមុនពិធីបុណ្យអ៊ុំទូកថ្នាក់ខេត្តខាងមុខ។
ការកសាងអាស្រមលោកតា ប៊ូ ជួង និងលោកតា ខាំឡែន ដឹកនាំដោយលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងសប្បុរសជនលោក លី សាមឌី និងលោក ស្រី ឃី ធីតា។
លោក លី សាមឌី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ការកសាងអាស្រមលោកតា ប៊ូ ជួង និងលោកតា ខាំឡែន ព្រោះលោកតាទាំង២ អតីតជាថ្នាក់ដឹកនាំខេត្ត មានបារមីខ្ពង់ខ្ពស់ ជួយឃុំគ្រងប្រជាពលរដ្ឋក្នុងខេត្តឲ្យមានសេចក្តីសុខ និងការអភិវឌ្ឍន៍។
អាស្រមលោកតាទាំង២ តំកល់នៅរមណីបឹងកន្សែង កណ្តាលក្រុងបានលុង ទីដែលប្រជាពុទ្ធបរិស័ទមានជំនឿទាំងប្រជាពលរដ្ឋក្នុងខេត្តក៏ដូចមកពីបណ្តាខេត្តផ្សេងៗតែងនាំគ្នាយកដង្វាយទៅថ្វាយ និងអុចទៀន ធូប សុំសេចក្តីសុខសប្បាយ។
លោក លី សាមឌី បន្តថា គ្រួសារគាត់តែងតែបន់ស្រន់សុំសេចក្តីសុខ ចម្រើនពីលោកតា ប៊ូ ជួង និងលោកតា ខាំឡែនកន្លងមកជួបប្រសព្វភាពចំរ៉ុងចម្រើន ហើយការតបស្នងសងគុណគឺក្រុមគ្រួសារគាត់មានសទ្ធាជ្រះថ្លាចូលរួមបរិច្ចាកថវិកា ក្នុងការកសាងអាស្រមនេះ។
លោក លី សាមឌី បញ្ជាក់ឲ្យដឹងទៀតថា គ្រួសារគាត់ចូលរួមបរិច្ចាកថវិកាជិត ៥ម៉ឺនដុល្លារ សាងសង់អាស្រមលោកតាទាំង២ ដោយប្រើប្រាស់កម្លាំងពលកម្មជាងមាន២ប្រភេទគឺជាងឈើ និងជាងសំណង់ បច្ចុប្បន្នសម្រេចបានជាង ៧០ភាគរយហើយ និងជំរុញក្រុមជាងពន្លឿនការងារឲ្យរួចរាល់ស្ថាពរនៅមុនពិធីបុណ្យអ៊ុំទូកថ្នាក់ខេត្តនាពេលមុខ៕