(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ក្រោមមូលបទ «ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍន៍និងសុខមាលភាពរបស់ប្រជាពលរដ្ឋ»។
ពិធីនេះធ្វើឡើងក្រោមវត្តមានលោក គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ម.ខ តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការចូលរួមពីលោក ប៉ិច រតនៈ នាយករដ្ឋបាលស្តីទីខេត្តឧត្តរមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន គ.គ.ម.ខ ព្រមទាំងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍រដ្ឋបាល អង្គការជាតិ អន្តរជាតិ និងយុវជនមកពីគ្រប់ស្ថាប័នជាច្រើនរូបទៀត។
លោក ប៉ិច រតនៈ បានថ្លែងថា សម្រាប់ខេត្តឧត្តរមានជ័យ ក៏ដូចគ្នានឹងបណ្តាលខេត្តនានានៅកម្ពុជា និងបណ្តាលប្រទេសនានាលើសកលលោក តែងតែជួបប្រទះគ្រោះមហន្តរាយធម្មជាតិជារៀងរាល់ឆ្នាំ តែមិនធ្ងន់ធ្ងរធ្វើឱ្យយើងបាត់ម្ចាស់ការក្នុងការទទួលខុសត្រូវនោះទេ ដែលជាទូទៅយើងអាចម្ចាស់ការដោះស្រាយបាន ហើយគ្រោះមហន្តរាយដែលតែងកើតមានគឺជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ រន្ទះបាញ់ អាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងគ្រោះរាំងស្ងួតជាដើម។
លោក ប៉ិច រតនៈ ថ្លែងឱ្យដឹងទៀតថា សម្រាប់រយះពេល៩ខែ ក្នុងឆ្នាំ២០២៤ ករណីគ្រោះមហន្តរាយបានកើតឡើងក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យរួមមាន៖ករណីខ្យល់កន្ត្រាក់មានចំនួន ១៨ករណី, ករណីគ្រោះទឹកជំនន់មានចំនួន២លើក, ករណីគ្រោះរាំងស្ងួតមានចំនួន០១លើក, ករណីគ្រោះអគ្គីភ័យមានចំនួន២១ករណី, ករណីផ្ទុះយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានចំនួន២ករណី, ករណីជំងឺរាតត្បាត មានករណីសត្វដង្កូវហ្វូង និងសត្វរុយបំផ្លាញដំណាំស្រូវ ដំឡូងមី និងដំណាំរួមផ្សំផ្សេងៗទៀត និងករណីរន្ទះបាញ់មានចំនួន៦លើក។
បន្ទាប់ពីអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនអង្គពិធីបានស្តាប់រួចមក លោក គង់ កន្នារិទ្ធ បានថ្លែងនូវការអរគុណដល់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ប៉ុស្តិ័នគរបាលរដ្ឋបាល និងក្រុមយុវជនមកពីគ្រប់ស្ថាប័ននានាក្នុងខេត្ត ដែលបានចំណាយពេលវេលាដ៍មានតម្លៃ និងមមាញឹក អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិាជាតិគ្រប់គ្រងគ្រោះមហន្តរាយថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ក្រោមមូលបទ «ការគ្រប់គ្រងគ្រោះមហន្តរាយគឺសំដៅការពារការអភិវឌ្ឍន៍និងសុខមាលភាពរបស់ប្រជាពលរដ្ឋ»។
លោកអភិបាលរងខេត្តឧត្តរមានជ័យថ្លែងបន្តទៀតថា សម្រាប់គ្រោះមហន្តរាយដែលកើតឡើងនៅក្នុងខេត្តឧត្តរមានជ័យនាពេលកន្លងមក ក្រោមការណែនាំ និងចង្អុលបង្ហាញពីលោកទេសរដ្ឋមន្ត្រីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ និងលោក មាន ចាន់យ៉ាដា អភិបានខេត្តឧត្តរមានជ័យ គឺបានធ្វើការគ្រប់គ្រងសង្គ្រោះឆ្លើយតបដោះស្រាយបានទានពេលវាលា។
លោក គង់ កន្នារិទ្ធ បានថ្លែងបញ្ជាក់ទៀតថា ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានរៀបចំផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន ក្រោមយន្តការដឹកនាំរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីធានាបាននូវកិច្ចអន្តរាគមន៍ឆ្លើយតបឱ្យបានទាន់ពេលវេលា ដោយប្រើប្រាស់អស់លទ្ធភាពនូវធនធានដែលមានស្រាប់ ប្រកបដោយប្រសិទ្ធិភាពខ្ពស់សំដៅកាត់បន្ថយបាននូវការខូចខាត ទុក្ខវេទនា និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមផែនការសកម្មភាពជាតិ នៃយុទ្ធសាស្ត្រសម្រាប់កាត់បន្ថយគ្រោះភ័យ នៃគ្រោះមហន្តរាយ ផែនការអភិវឌ្ឍន៍ខេត្ត និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕