(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយគណៈកម្មាធិការសាខា អនុសាខាស្រុក កាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់លោក ឈួន យ៉ន អាយុ៥៧ឆ្នាំ មានជំងឺរៃរ៉ៃ និងមានកូនប្រុសពិការភាព ដែលមានជីវភាពក្រីក្រខ្លាំង និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥០គ្រួសារ មកពីភូមិចំនួន៧ ក្នុងឃុំហប់ ស្រុកគាស់ក្រឡ។
តាមលោក ញឹក សារ៉ែន អភិបាលស្រុក និងជាប្រធានអនុសាខាស្រុកគាស់ក្រឡ បានឱ្យដឹងថាក្រុមគ្រួសារ លោក ឈួន យ៉ន មានជីវភាពទ័លក្រ មានជំងឺប្រចាំកាយ និងមានកូនពិការភាព ហើយផ្ទះចាស់មានសភាពចាស់ទ្រុឌទ្រោម ពេលមានភ្លៀងម្តងៗ ធ្លុះធ្លាយលិចពិបាកក្នុងរស់នៅ ក្រៅពីទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន គ្រួសារលោកក៏ទទួលបានការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈបណ្ណសមធម៌ផងដែរ។
ក្នុងឱកាសនោះ លោក សុខ លូ បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនដែន ប្រធានកាកបាទក្រហមកម្ពុជា និងបានចូលរួមត្រេកអរចំពោះលោក ឈួន យ៉ន ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅ សម្រាប់ជ្រកកោនតទៅ ដើម្បីបានជាជម្រកបានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។
ប្រធានគណៈកម្មាធិការសាខា ក៏បានក្រើនរម្លឹកដល់លោក និងអ៊ុំពូមីង បងប្អូនទាំងអស់សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន កូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ ជាសំខាន់នោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោពេលទៅដោយទឹក នៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បចៀសវាងកើតឡើងនូវ ប្រការអាក្រក់ណាមួយ ចំពោះក្រុមគ្រួសារបងប្អូន និងធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅដ្ឋាន និង បំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រុនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ។
សូមបញ្ជាក់ថា ផ្ទះលេខរៀងទី១៥ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥,៥៥០ដុល្លារ មានទំហំ ៤ម៉ែត្រ គុណ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ ២.៥ម៉ត្រ ផងដែរ។
ជាកិច្ចឆ្លើយតបលោក ឈួន យ៉ន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងបានផ្តល់ថវិកាសម្រាប់ការរៀនសូត្របន្ត និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សាសម្តេចទាំងទ្វេ និងក្រុមគ្រួសារ សូមទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្ត បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី២កេស, ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ ត្រី២យួរ, ទឹកបរិសុទ្ធ៤កេស និងថវិកា៤០ម៉ឺនរៀល ដោយឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រ មកពី៧ភូមិ ក្នុងឃុំហប់ចំនួន៥០គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរផងដែរ៕