(ភ្នំពេញ)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មការរៀបចំបុណ្យកឋិនទានដង្ហែមកវត្តខ្មែរក្រោម នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈកម្មការរៀបចំអង្គកឋិនទានចុះពិនិត្យមើលទីតាំងវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ គ្រោងនឹងដង្ហែចូល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
សូមរម្លឹកថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការមួយដើម្បីរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមដោយមានសមាសភាពចូលរួមពីអ្នកតំណាងរាស្ត្រ មន្ត្រីរដ្ឋាភិបាល និងអភិបាលខេត្តសរុបចំនួន២២រូប ដឹកនាំដោយសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការថា៖ «ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបលោកដាក់ឈ្មោះអង្គកឋិននេះថា «អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង និងគ្រប់គណបក្សនយោបាយមកពីគ្រប់និន្នាការនយោបាយអាចចូលរួមបានទាំងអស់គ្នា»។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ធបណ្ឌិត បានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោមនេះ។ ប៉ុន្តែជាអកុសលឪពុករបស់សម្តេចតេជោ បានទទួលមរណភាពនៅឆ្នាំ២០១៣ ដែលសម្រេចផ្អាកការធ្វើបុណ្យកឋិនរយៈពេល៥ឆ្នាំ។ បន្ទាប់មកម្តាយក្មេករបស់សម្តេចតេជោមានជំងឺ និងទទួលមរណភាព នៅឆ្នាំ២០២០ ក៏សម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។ ទោះជាយ៉ាងណាក្តី ក្តីសុបិនបានសម្រេចនៅឆ្នាំនេះ។
ការដាក់ឈ្មោះថាជា «អង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរ» ពីព្រោះតែអ្នកផ្តួចផ្តើមមិនបានបែងចែកខ្មែរលើ ខ្មែរកណ្តាល ឬខ្មែរក្រោមនោះទេ។ ការដង្ហែកឋិនទានទៅខ្មែរក្រោមនេះក៏ព្រោះខ្មែរក្រោមក៏ជាខ្មែរ ហើយក៏ជាអ្នកប្រកាន់ខ្ជាប់សាសនាព្រះពុទ្ធ។ ម៉្យាងទៀតនេះគឺការធ្វើបុណ្យកឋិនដោយមិនប្រកាន់រើសអើងនោះដែរ។
ចង់មិនចង់ការរៀបចំបុណ្យកឋិននេះ គឺបានបង្ហាញអំពីការយកចិត្តទុកដាក់ដល់ បងប្អូនកម្ពុជាក្រោម ដែលរស់នៅក្នុងប្រទេសវៀតណាម បច្ចុប្បន្ន និងជួយជ្រោមជ្រែងដល់ស្មារតីថែរក្សាប្រពៃណីសាសនាខ្មែរ។ យើងសង្ឃឹមថាបងប្អូនកម្ពុជាក្រោមនឹងមានសេចក្តីរីករាយ ហើយនឹងរង់ចាំទទួលស្វាគមន៍អង្គកឋិននេះយ៉ាងអធិកអធមជាពុំខានឡើយ។
យោងតាមអង្គការខ្មែរកម្ពុជាក្រោម ដើម្បីការពារសិទ្ធិមនុស្ស បានឱ្យដឹងថា នៅក្នុងទឹកដីកម្ពុជាក្រោម មានវត្តព្រះពុទ្ធសាសនា ចំនួន៥៦៧វត្ត និងព្រះសង្ឃជាង ២ម៉ឺនអង្គ ដែលជាបង្អែកឱ្យប្រជាពលរដ្ឋដែលរស់នៅទីនោះអាចនៅបន្តរក្សាប្រពៃណី វប្បធម៌ ទំនៀមទំលាប់ខ្មែរ និងសាសនាព្រះពុទ្ធរបស់ខ្លួនជាដរាបរៀងទៅ៕