(ភ្នំពេញ)៖ សិក្ខាកាមប្រមាណ៣០នាក់ មកពីវិស័យខុសៗគ្នាបានជួបជុំគ្នានាសិក្ខាសាលាពិគ្រោះយោបល់ស្តីអំពីលក្ខន្តិកៈជាតិ សម្រាប់និស្សិត-សហគ្រិន (SNEE) ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ២១-២២ ខែតុលា ឆ្នាំ២០២៤ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សិក្ខាសាលានេះប្រមូលផ្តុំមន្ត្រីរាជការ តំណាងសាកលវិទ្យាល័យ ស្ថាប័នដៃគូ និងអ្នកជំនាញអន្តរជាតិ ក្នុងគោលបំណងកសាងរួមគ្នានូវលក្ខន្តិកៈមួយសំរួលដល់ការបណ្តុះបណ្តាល សហគ្រិនភាពដល់និស្សិតកម្ពុជា។
កម្មវិធីបើកសិក្ខាសាលា លោក អ៊ុម រម្យណី រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់សារៈសំខាន់នៃលក្ខន្តិកៈនេះដែលជាឱកាសមួយដ៏ល្អសម្រាប់និស្សិតខ្មែរ។ កម្មវិធី (SNEE) នេះផ្តោតលើស្វ័យភាពរបស់ យុវជនជំនាន់ក្រោយ និងលើកទឹកចិត្តពួកគេឱ្យចូលរួមយ៉ាងសកម្មក្នុងសេដ្ឋកិច្ចកម្ពុជា។
សិក្ខាសាលាពិគ្រោះយោបល់ស្តីអំពីលក្ខន្តិកៈសម្រាប់និស្សិត-សហគ្រិន (SNEE) នេះផ្តោតលើគោលបំណងចំនួនពីរជាសំខាន់៖ ពិភាក្សាស្តីអំពីសំណើរបង្កើតលក្ខន្តិកៈ ដោយផ្តោតលើទិដ្ឋភាពច្បាប់ ប្រតិបត្តិការ និងហិរញ្ញាវត្ថុ និងអនុមតិផែនការអនុវត្តលក្ខន្តិកៈជាតិ សម្រាប់និស្សិតសហគ្រិនដោយសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានានា ថ្នាក់ដឹកនាំនិងអ្នកជំនាញផ្នែកឧស្សាហកម្ម។
ការអនុមតិលក្ខន្តិកៈនេះ ផ្តោតការយកចិត្តទុកដាក់ជំរុញសហគ្រិនភាពដល់និស្សិតយោងតាមចក្ខុវិស័យឆ្នាំ២០២៥០ របស់រាជរដ្ឋាភិបាល ដើម្បីកំណើនសេដ្ឋកិច្ច ដោយផ្តោតលើនវានុវត្តភាព និងឧស្សាហកម្មនៃចំណេះដឹងជាមូលដ្ឋាន។ ផែនការអនុវត្តដែលនឹងស្នើឡើងនោះគឺជាយុទ្ធសាស្ត្រដែលមានរយៈពេល៥ឆ្នាំសំរាប់អនុវត្តនៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានាដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលសហគ្រិនភាព។
កម្មវិធីសហគ្រិនភាព គឺជាឧបករណ៏មួយដ៏មានសារៈសំខាន់សម្រាប់ផ្តល់ដល់និស្សិតទាំងឡាយនូវសមត្ថភាពចាំបាច់ដើម្បីបញ្ជ្រៀបខ្លួនក្នុងពិភពអ្នកជំនាញ ទទួលបាននូវវឌ្ឍនភាព និងភាពជោគជ័យក្នុងអាជីពរបស់ខ្លួន។ ជាមួយនឹងការលើកទឹកចិត្តក្នុងការបង្កើតការងារ ការជំរុញលើការបង្កើតថ្មី នវានុវត្តភាព និងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ កម្មវិធីនេះនឹងរួមចំណែកដល់ការពង្រឹងអនាគតមួយប្រកបដោយទំនុកចិត្តដើម្បីកម្ពុជា។
សរុបសេចក្តីមក សិក្ខាសាលាពិគ្រោះយោបល់នេះបានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តរបស់តួអង្គនៃវិស័យអប់រំ ក្នុងការលើកទឹកចិត្តស្មារតីសហគ្រិនភាពដល់យុវជន និងផ្តល់ដល់ពួកគេនូវធនធានដ៏ចាំបាច់ដើម្បីផ្លាស់ប្តូរគំនិតក្នុងកសាងគំរោងដែលមានលក្ខណៈបច្ចេកទេសប្រកបដោយលទ្ធផល។ រួមគ្នាបណ្តុះនូវវប្បធម៌នវានុវត្ត និងទទួលយកនូវភាពជោគជ័យ គ្រប់ភាគីពាក់ព័ន្ធនឹងធ្វើការរួមគ្នាដើម្បីអនាគតមួយដ៏ប្រសើរសំរាប់កម្ពុជា ដើម្បីទទួលបាននូវឱកាស និងការរីកចម្រើន៕