(ភ្នំពេញ)៖ ក្នុងរយៈពេល១ថ្ងៃកន្លះ នៃវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៤ ថ្នាក់ខណ្ឌ និងសង្កាត់ទាំង១០៥ បានលើកឡើង ជាសំណើ និងសំណូមពរចំនួន២៣ ស្មើ ៨ប្រធានបទ ដើម្បីឱ្យថ្នាក់រាជធានីភ្នំពេញ ក៏ដូចជាថ្នាក់ជាតិជួយអន្តរាគមន៍ ដោះស្រាយ សំដៅធ្វើយ៉ាងណាឱ្យការបំពេញការងារលើផ្តល់សេវាផ្សេងៗ នៅថ្នាក់ក្រោមជាតិ មានភាពលឿន ឆាប់រហ័ស និងកាត់បន្ថយបានបញ្ហាប្រឈមផ្សេងៗ។
អង្គវេទិការយៈពេល១ថ្ងៃកន្លះនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ។
ក្នុងរយៈពេល១ថ្ងៃកន្លះ នៃវេទិកា ស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ (២០២១ ដល់ ២០២៣) នៅរាជធានីភ្នំពេញ ថ្នាក់ខណ្ឌ និងសង្កាត់ទាំង១០៥ បានលើកឡើងជាសំណើ និងសំណូមពរជាច្រើន ដូចជាការស្នើសុំផ្សព្វផ្សាយបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមប្រឹក្សាសង្កាត់ ដើម្បីបានយល់កាន់តែច្បាស់ពីការងារគ្រប់គ្រង។ ការស្នើសុំនូវធនធានមនុស្ស និងថវិកាបន្ថែម នៅថ្នាក់សង្កាត់។
ការស្នើសុំឲ្យបន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ បរិស្ថាន ខណៈពលរដ្ឋមួយចំនួន មិនគោរពច្បាប់ចរាចរណ៍ និងការទុកដាក់សំរាមមិនទាន់បានល្អ។ ការស្នើសុំបង់ព័ន្ធប្រថាប់ត្រាថ្នាក់ទាប នៅត្រឹមខណ្ឌ។ ការស្នើសុំបើកវគ្គ បណ្តុះបណ្តាលដល់មន្ត្រី លើការងារវិមជ្ឈការ និងវិសហមជ្ឈការ ដោយសារធនធានមនុស្សនៅមានកំរិត។ ការស្នើសុំផ្តល់ប្រាក់សោធននិវត្តន៍ដល់ក្រុមប្រឹក្សាសង្កាត់។ ការស្នើសុំកែសម្រួលការចុះបញ្ជី ទោចក្រ-ត្រីចក្រយានយន្ត។ ការស្នើសុំ ការចុះធ្វើអធិការកិច្ចរបស់ក្រសួងពាក់ព័ន្ធ ចុះមកតែ១ដងរួមគ្នា។
ក្នុងថ្ងៃទី២ នៃវេទិកានេះលោក ឃួង ស្រេង អភិបាលរាជធានី បានលើកឡើងថា រយៈពេល១ថ្ងៃកន្លះនៃវេទិកា ថ្នាក់ខណ្ឌនិងសង្កាត់ បានលើកឡើងជាសំណើនិងសំណូមពរចំនួន ២៣ស្មើ៨ប្រធានបទ ក្នុងនោះនៅថ្នាក់សង្កាត់ចំនួន៧ ថ្នាក់ខណ្ឌចំនួន៧និងនៅថ្នាក់មន្ទីរ វិស័យចំនួន៩ ហើយក្នុងចំណោមសំណើនិងសំណូមពរ បញ្ហាប្រឈមទាំងនេះ យើងដោះស្រាយបានចំនួន៩បញ្ហា បញ្ជូនទៅថ្នាក់ជាតិឲ្យជួយដោះស្រាយចំនួន១៣បញ្ហា និង១បញ្ហាទៀត យើងព្យួរទុក នោះគឺការស្នើសុំផ្តល់ប្រាក់សោធននិវត្តន៍ ដល់ក្រុមប្រឹក្សាសង្កាត់។ ការងារនេះយើងរងចាំឲ្យសមាគមនក្រុមប្រឹក្សា ពិភាក្សាគ្នាបន្តជាមួយក្រុមប្រឹក្សាថ្នាក់ជាតិ យើងមិនអាចធ្វើតែឯងនៅរាជធានីភ្នំពេញបានទេ ព្រោះវាក៏ពាក់ព័ន្ធនឹង ក្រុមប្រឹក្សានៅខេត្តផងដែរ។
លោក ឃួង ស្រេង បានបន្តថា វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវធ្វើឡើង៣ឆ្នាំម្តង ដើម្បីរួមគ្នាកំណត់បញ្ហាប្រឈមនានា យកមកដោះស្រាយ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ផ្អែកលើមូលដ្ឋានគ្រឹះរបស់ប្រទេសកម្ពុជា ដែលមានសុខ សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕