(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ មានការយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ យល់ដឹងខុសហើយនឹងត្រូវចញ្ចៀសបាននូវការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម ចូលរួមការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើន។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងដូចនេះ នាឱកាសដង្ហែអង្គកឋិនទានមហាសាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅក្នុងពុទ្ធសីមាវត្តច័ន្ទបុរីវង្ស ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបន្តថា ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី បានឲ្យលោក និងភរិយា ដង្ហែអង្គកឋិនទានមហាសាមគ្គី មកវេរប្រគេនដល់សម្តេចព្រះសង្ឃនាយករងទី២ គង់នៅវត្តច័ន្ទបុរីវង្សនាពេលនេះ។
នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការចូលរួមអនុមោទនាត្រេកអរសប្បាយរីករាយជាមួយប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ ក៏ដូចជាទូទាំងរាជធានីភ្នំពេញ ចំពោះសមិទ្ធផលជាច្រើនដែលបន្តរីកលូតលាស់នៅ ក្នុងវត្តច័ន្ទបុរីវង្ស ដែលកើតចេញពីកម្លាំងរួបរួមសាមគ្គី និងសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធសាសនាឲ្យបានឋិតថេរគង់វង្ស។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានលើកឡើងថា មានកត្តា៣យ៉ាង ដែលញ៉ាំងឲ្យការកសាងសមិទ្ធផលនានា អាចប្រព្រឹត្តទៅបានប្រកបដោយភាពចម្រុងចម្រើនគឺ៖ ទី១៖ កត្តាសុខសន្តិភាព ដែលឲ្យរាជធានីភ្នំពេញ ក៏ដូចជាទូទាំងផ្ទៃប្រទេស មានឱកាសបញ្ចេញនូវសក្កានុពលអភិវឌ្ឍន៍របស់ខ្លួនឥតឈប់ឈរ, ទី២៖ កត្តាសិទ្ធិសេរីភាព ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋអាចគោរពប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន ដើម្បីទទួលបាននូវសន្តិភាពក្នុងផ្លូវចិត្ត និងទី៣៖ កត្តាកំណើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលផ្តល់លទ្ធភាពដល់ពួកគាត់ ក្នុងការក្នុងចូលរួមចំណែកអភិវឌ្ឍសមិទ្ធនានា តាមជំនឿសទ្ធាជ្រះថ្លារបស់ខ្លួន។
ក្នុងន័យនេះ សូមអ៊ំពូមីងបងប្អូនប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាព សេរីភាព និងភាពចម្រុងចម្រើនដែលកំពុងមានបច្ចុប្បន្នឲ្យបានគង់វង្សយូរអង្វែង ក្រោមម្លប់សន្តិភាព សម្រាប់កូនចៅរបស់យើងគ្រប់ជំនាន់តទៅទៀត។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង លើកឡើងទៀតថា បំណងប្រាថ្នាសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប គឺការថែរក្សាអាយុជីវិតរបស់ខ្លួន និងអ្នកជាទីស្រឡាញ់ តាមរយៈការហ៊ានលះបង់គ្រប់យ៉ាងដើម្បីការពារ និងទំនុកបម្រុងឲ្យមានអាយុជីវិតបន្តទៅទៀត។ ក្នុងបុព្វហេតុនេះ សម្តេចតេជោ និងឥស្សរៈជនថ្នាក់ដឹកនាំជាច្រើនរូប បានចូលរួមក្នុងសកម្មភាពសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលជាច្រើនក្នុងរបត់នៃប្រវត្តិសាស្ត្រជាតិ ជាអាទិ៍៖ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសន្តិភាពជាតិពេញលេញដោយនយោបាយឈ្នះឈ្នះ និងជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍តម្កល់អាយុជីវិតរបស់ប្រជាពលរដ្ឋ ជាកត្តាអាទិភាពចម្បងបំផុតក្នុងគ្រប់កាលៈទេសៈ និងទោះក្នុងតម្លៃណាក៏ដោយ។
ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងភរិយា បានវេរប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទាន វត្តច័ន្ទបុរីវង្ស មានចំនួន ៣៣១លាន ១៣ម៉ឺនរៀល (ត្រៃធំ៤៣, ត្រៃលាង២៧), ក្នុងនោះ បច្ច័យរបស់នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចន្នី មានចំនួន២០០លានរៀល និងបានឧបត្ថម្ភដល់រដ្ឋបាលខណ្ឌព្រែកព្នៅ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគេនជូនព្រះសង្ឃ ចែកជូនដល់សីលវន្តសីលវត្តី ក្រុមប្រឹក្សាខណ្ឌ-សង្កាត់ និងកងកម្លាំងមានសមត្ថកិច្ច នៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញជាច្រើនទៀតផងដែរ៕