(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅតាមឃុំ សង្កាត់ បានបញ្ចប់ដោយជោគជ័យ ទោះបីជាមានបញ្ហាអាកាសធាតុក្នុងភូមិសាស្រ្តនៃឃុំ សង្កាត់មួយចំនួនក៏ដោយ ក៏ប៉ុន្តែដំណើរការនៃការរៀបចំបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ មិនទាន់បញ្ចប់នៅឡើយទេ។
ក្នុងឱកាដឹកនាំកិច្ចជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២២ ខែតុលានេះ, លោក យិច សមិទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ការងារដែល គ.ជ.ប ត្រៀមអនុវត្តបន្តនៅពេលខាងមុខ គឺការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតការដាក់ការទទួល និងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ និងការងារចុងក្រោយ គឺការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ។
ជាមួយគ្នានេះដែរ លោកបានបន្តថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៤
បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត ក្នុងប្រព័ន្ធផ្ទុកទិន្នន័យរួចរាល់ គ.ជ.ប ត្រូវធ្វើការបោះពុម្ពបញ្ជីបោះឆ្នោតដំបូង រួមនឹងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់នីមួយៗ ចំនួន៣ច្បាប់ ដើម្បីផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ និងសម្រាប់បិទផ្សាយជាសាធារណៈដូចខាងក្រោម៖
*បិទផ្សាយ ១ច្បាប់ នៅតាមសាលាឃុំ សង្កាត់
*បិទផ្សាយ ១ច្បាប់ នៅទីតាំងណាមួយក្នុងឃុំ សង្កាត់ និង
*ផ្តល់ជូនក្រុមប្រឹក្សាឃុំ សង្កាត់ ១ច្បាប់ សម្រាប់ប្រើប្រាស់តាមការចាំបាច់។
សូមបញ្ជាក់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការពិនិត្យមើលឈ្មោះ និងទិន្នន័យនៅក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត គ.ជ.ប បានបង្ហោះបញ្ជីទាំងពីរនេះ នៅលើគេហទំព័ររបស់ គ.ជ.ប voterlist.nec.go v . k h និងកម្មវិធីទូរសព្ទដៃ (App) NEC KH ផងដែរ។
លោក យិច សមិទ្ធិ បានលើកឡើងថា បញ្ជីបោះឆ្នោតដំបូងដែលត្រូវបិទផ្សាយនៅតាមឃុំ សង្កាត់ ត្រូវមានទិន្នន័យសំខាន់ៗរួមមាន៖ ឈ្មោះ និងលេខកូដរាជធានី ខេត្ត, ឈ្មោះ និងលេខកូដឃុំ សង្កាត់ និងឈ្មោះភូមិ, ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត, កូនប្រអប់ និងលេខរៀងនៃឈ្មោះក្នុងបញ្ជីបោះឆ្នោត, អត្តលេខអ្នកបោះឆ្នោត, រូបថតរបស់អ្នកបោះឆ្នោត , នាមត្រកូល និងនាមខ្លួន ដែលរៀបចំតាមលំដាប់អក្ខរក្រមខ្មែរ, ភេទ, ថ្ងៃ ខែ ឆ្នាំកំណើត និងលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នៃអ្នកបោះឆ្នោត។
ជាមួយគ្នានេះលោកថា ដោយឡែកដើម្បីធានាការសម្ងាត់ សន្តិសុខ សុវត្ថិភាពទិន្នន័យអត្តសញ្ញាណអ្នកបោះឆ្នោតបញ្ជីបោះឆ្នោតដំបូងដែលត្រូវបង្ហោះនៅលើគេហទំព័រ គ.ជ.ប voterlist.nec.go v.kh និងតាមកម្មវិធីទូរសព្ទដៃ (App) NECKH នឹងបង្ហាញតែឈ្មោះ និងលេខកូដរាជធានី ខេត្ត ឃុំ សង្កាត់ ឈ្មោះភូមិ ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោត លេខរៀងក្នុងបញ្ជីបោះឆ្នោតអត្ត លេខ លេខអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬ/ និងលេខឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត (ឯ.អ) បង្ហាញតែលេខ ៣ខ្ទង់ចុងក្រោយ នាមត្រកូល នាមខ្លួនភេទ និងថ្ងៃ ខែ ឆ្នាំកំណើតរបស់អ្នកបោះឆ្នោតតែប៉ុណ្ណោះ ហើយសម្រាប់បញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនឹងមានបង្ហាញបន្ថែមនូវការបញ្ជាក់ពីមូលហេតុដែលត្រូវលុបនៅលើនោះផងដែរ។
មន្ត្រីជាន់ខ្ពស់ គ.ជ.ប រូបនេះ បានឱ្យដឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៤ នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ហើយបញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។
ផ្អែកតាមតួលេខបញ្ជីបោះឆ្នោតដំបូងប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះ មានចំនួន ៩,៩៩២,៤២១នាក់ ក្នុងនោះស្រ្តីមានចំនួន ៥,៣០៤,៨៥៥នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៤.១៩០ការិយាល័យ។ ដោយឡែក អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១១១,៨៨៩នាក់៕