(ឥណ្ឌូនេស៉ី)៖ អង្គការ Muhamadiyah នៃប្រទេសឥណ្ឌូនេស៊ី សម្រេចផ្តល់អាហារូបករណ៍១០០ភាគរយ ថ្នាក់អនុបណ្ឌិត ដល់និស្សិតកម្ពុជា ចំនួន២០កន្លែង ក្នុងនោះផ្នែកបច្ចេកវិទ្យាចំនួន៧កន្លែង, ផ្នែកគ្រប់គ្រងចំនួន៧កន្លែង និងផ្នែកសាសនាចំនួន៦កន្លែង។
ភាគី Muhammadiyah បានសម្រេចផ្តល់ជូនដូច្នេះ ក្នុងឱកាសលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Muhammad Saad Ibrahim ប្រធានក្រុមប្រឹក្សាភិបាល នៃអង្គការMuhammadiyah នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅស្នាក់ការអង្គការ ប្រទេសឥណ្ឌូនេស៊ី។
ជំនួបនេះ ឆ្លៀតក្នុងឱកាសលោកបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចូលរួមអបអរសាទរពិធីស្បថចូលកាន់តំណែង លោក Prabowo Subianto ប្រធានាធិបតីទី៨ នៃសាធារណៈរដ្ឋឥណ្ឌូនេសុី នៅទីក្រុងហ្សាកាតាថ្ងៃទី២០ តុលា ឆ្នាំ២០២៤។
ក្នុងជំនួបនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណ ដល់ Muhammadiyah ដែលបានផ្តល់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត១០០ភាគរយដល់និស្សិតកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំ ហើយតាមរយៈកិច្ចសហប្រតិបតិ្តការនេះ ភាគីទាំងពីរនឹងទទួលបានផ្លែផ្កាល្អបំផុតនាពេលខាងមុខ។
លោក អូស្មាន ហាស្សាន់ បានស្នើឲ្យ Muhamdiyah ពិចារណាបើកសាខាសាកលវិទ្យាល័យ Muhammadiyah មួយនៅកម្ពុជា ដែលបណ្តុះបណ្តាលលើមុខវិជ្ជាផ្នែកសេដ្ឋកិច្ច បច្ចេកវិទ្យា វេជ្ជសាស្ត្រសុខាភិបាល ព័ត៌មានវិទ្យា និងផ្សេងៗទៀត សម្រាប់សិស្សនិស្សិតទូទៅ ដោយមិនសំដៅសម្រាប់តែសិស្សមុស្លិមតែប៉ុណ្ណោះ។
លោកក៏បានរំលេចពីរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ និងផ្តល់ជូនជាច្រើនចំពោះសហគមន៍ឥស្លាមកម្ពុជា ក្នុងនោះទាក់ទងនឹងវិស័យអប់រំ រដ្ឋបានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមទៅក្នុងក្របខណ្ឌ ដែលទទួលបានប្រាក់បៀរវត្ស ដូចគ្រូបង្រៀនទូទៅផងដែរ។
បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់ទេសរដ្ឋមន្ត្រី អំពីស្ថានភាពមួយចំនួននៅកម្ពុជា ការរីកចម្រើនលើវិស័យផ្សេងៗ ជាមួយនឹងតម្រូវការរបស់សហគមន៍ឥស្លាមនៅកម្ពុជា ជាពិសេសលើផ្នែកអប់រំ ភាគី Muhamadiyah បានទទួលយកសំណូមពររបស់លោកបណ្ឌិត អូស្មាន ហាស្សាន់ និងបានបញ្ជាក់ថា នឹងបញ្ជូនក្រុមការងារបច្ចេកទេសមកកម្ពុជា ដើម្បីសិក្សារៀបចំបង្កើតសាកលវិទ្យាល័យនៅប្រទេសកម្ពុជា នាខាងមុខឆាប់ៗនេះ។
លោកបណ្ឌិត Muhammad Saad Ibrahim បានបញ្ជាក់ថា អង្គការ Muhammadiyah បច្ចុប្បន្ននេះ មានសាកលវិទ្យាល័យ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនមាន ១៧២សាខា នៅតាមបណ្តាប្រទេសមួយចំនួន ដូចជានៅឥណ្ឌូនេស៊ី អូស្ត្រាលី ម៉ាឡេស៊ី ហើយមានសិស្សនិស្សិតកំពុងបន្តការសិក្សាចំនួនជាង៦០ម៉ឺននាក់ ក្នុងនោះសិស្សនិស្សិតបរទេស១,២០៣នាក់ និងមានសិស្សនិស្សិតមិនមែនមុស្លិមចំនួន៤,៥០០នាក់។
Muhammadiyah ត្រូវបានគេស្គាល់ថា ជាអង្គការឥស្លាមដ៏ធំ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១២ និងមានសមាជិកចំនួនជាង១៩០លាននាក់ ដែលកំពុងធ្វើសកម្មភាពលើវិស័យជាច្រើនមានដូចជា អប់រំ សុខាភិបាល សេដ្ឋកិច្ច និងសហគ្រិនភាព ការងារទាក់ទងនឹងស្ត្រី ការងារមនុស្សធម៌ ការអភិវឌ្ឍសហគមន៍ និងផ្សេងៗជាច្រើនទៀត។
សូមជម្រាបថា បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយអង្គការ Muhammadiyah ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាននៅបន្តការងារសំខាន់ៗមួយចំនួនទៀត ក្នុងនោះគ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សមាជិកគណៈរដ្ឋមន្ត្រីថ្មីឥណ្ឌូនេស៊ី សមាជិកព្រឹទ្ធសភាឥណ្ឌូនេស៊ី និងអង្គការសាសានាឥស្លាម Nahdlatul Ulama៕