(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានសម្រេចជាឯកច្ឆន្ទ ក្នុងការជ្រើសរើសយកអតីត នាយករដ្ឋមន្រ្តី ព័រទុយហ្គាល់លោក Antonio Guterres ឲ្យធ្វើជាអគ្គលេខាធិការឬហៅបានថាជាប្រមុខដឹកនាំថ្មី របស់អង្គការសហប្រជាជាតិ បន្តពីលោក បាន គីម៊ូន និងបានស្នើទៅកាន់មហាសន្និបាតនៃអង្គសហប្រជាជាតិ ដែលមានសមាជិកទាំង១៩៣រូប ឲ្យតែងតាំងលោក Guterres ឡើងកាន់តំណែងក្នុងរយៈពេលប្រាំឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧តទៅ។
នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា
ឆ្នាំ២០១៦។   

មហាសន្និបាតនៃអង្គកាសហប្រជាជាតិ នឹងត្រូវបើកអង្គប្រជុំរបស់ខ្លួននៅសប្តាហ៍ក្រោយ ដើម្បីអនុញ្ញាតការតែងតាំង របស់លោក Antonio Guterres ដែលមានវ័យ៦៧ឆ្នាំ នឹងក្លាយជាអគ្គលេខាធិការថ្មី របស់អង្គការសហប្រជាជាតិ ជំនួស លោក បាន គីម៊ូន ដែលកំពុងស្ថិតនៅក្នុងវ័យ៧២ឆ្នាំ ហើយនិងត្រូវចុះចេញពីតំណែងរបស់លោក នៅចុងឆ្នាំ២០១៦នេះ បន្ទាប់ពីបានបំពេញតួនាទីអស់រយៈពេលពីរអណត្តិរួចមក។

គួរបញ្ជាក់ដែរថា លោក Guterres បានកាន់តំណែងជានាយករដ្ឋមន្រ្តី នៃប្រទេសព័រទុយហ្គាល់ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ ២០០២ និងបានបំពេញតួនាទីជាឧត្តមស្នងការជាន់ខ្ពស់ប្រចាំអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការជនភៀសខ្លួន ចាប់ពីឆ្នាំ២០០៥ ដល់២០១៥៕