(កំពត)៖ លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធវិស័យប្រៃសណីយ៍។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីរាជការទាំង២៤ខេត្ត សាខាប្រៃសណីយ៍កម្ពុជា ព្រមទាំងសាខាប្រតិបត្តិករ ប្រៃសណីយ៍ឯកជន និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ១៥០នាក់។ កម្មវិធីនេះ រៀបចំធ្វើឡើងនៅសណ្ឋាគារ កំពតថ្មី។
សិក្ខាសាលានេះ រៀបចំឡើង ក្នុងគោលបំណងទទួលយកនូវគំនិតយោបល់ និងប្រមូលធាតុចូលដ៏មានសារៈសំខាន់ សម្រាប់រៀបចំផែនការសកម្មភាព ការងារអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍ សេចក្តីព្រាងប្រកាសស្តីពីការគ្រប់គ្រងគុណភាពសេវា និងរបាយការណ៍ នៃការធ្វើអង្កេតស្តីពី បច្ចុប្បន្នភាពនៃវិស័យប្រៃសណីយ៍ ព្រមទាំងបង្កើតបាន នូវទំនាក់ទំនង កិច្ចសហការកាន់តែជិតស្និទ្ធក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យប្រៃសណីយ៍ និងជំរុញការផ្តល់សេវាប្រៃសណីយ៍ ប្រកបដោយគុណភាព និងភាពជឿទុកចិត្ត ការធ្វើទំនើបកម្មសេវាប្រៃសណីយ៍ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។
លោករដ្ឋលេខាធិការ បានលើកឡើងពីវឌ្ឍនភាពការងារនៃក្រុមការងារប្រៃសណីយ៍ លើការរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍន៍ វិស័យប្រៃសណីយ៍។
លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់អ្នកចូលរួម ក្នុងការចែករំលែកព័ត៌មាន និងបទពិសោធន៍ ដើម្បីចូលរួមកែលម្អសេចក្តីព្រាង ដែលបាននិងកំពុងត្រូវបានរៀបចំ ឱ្យមានលក្ខណ:ឆ្លើយតប និងគ្រប់ជ្រុងជ្រោយ៕