(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ជាថ្មី អំពីការផ្ដល់អាទិភាពខ្ពស់លើការងារ ផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដោយសារការប្រើប្រាស់គ្រឿងញៀន បូកជាមួយវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ សំដៅឈានទៅលុបបំបាត់គ្រឿងញៀនពីកម្ពុជា។
ការបញ្ជាក់ជាថ្មីរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅវិមានសន្ដិភាព ដើម្បីត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល១ឆ្នាំ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។ កិច្ចប្រជុំនេះមានការចូលរួមពីឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងបណ្ដារដ្ឋមន្ដ្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។
ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអះអាងថា វិធានការផ្សព្វផ្សាយអប់រំនេះ ត្រូវធ្វើការផ្លាស់ប្ដូរ និងធ្វើបច្ចុប្បន្នភាពទៅតាមស្ថានភាពជាក់ស្ដែងនៃសង្គម ពោលត្រូវធ្វើតាមរបៀបទំនើប ដើម្បីជំរុញឲ្យមានការទាក់ទាញពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីចង់ស្ដាប់ ចង់ទស្សនា សំដៅបញ្ជ្រាបការយល់អំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនទៅកាន់មូលដ្ឋានគ្រួសារនីមួយៗ។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំឲ្យពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដោយក្នុងនោះ មានទាំងផ្នែកបច្ចេកទេស និងមធ្យោបាយ ដើម្បីឲ្យសមត្ថកិច្ចអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ខ្ពស់បន្ថែមទៀត។ ដោយឡែក ការស្ដារនីតិសម្បទា ត្រូវរៀបចំស្ដង់ដារ SOP ដើម្បីគ្រប់គ្រងដំណើរការមណ្ឌលបន្សាប់ ស្ដារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន។
ចំពោះការងារសហប្រតិបត្តិការអន្ដរជាតិវិញ ត្រូវបន្ដសហការជាមួយបណ្ដាប្រទេសជិតខាង អង្គការអន្ដរជាតិ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក បណ្ដាស្ថានទូត ដើម្បីធ្វើយ៉ាងណាឲ្យបណ្ដាដៃគូពាក់ព័ន្ធទាំងអស់ យល់ច្បាស់អំពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ បន្ថែមពីនេះ ក៏អាចចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក។
លើសពីនេះ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ក៏បានជំរុញឲ្យមានការចូលរួមរបស់វិស័យឯកជន សាសនា ក្នុងការផ្សព្វផ្សាយអប់រំ ដើម្បីកសាងបង្កើតមជ្ឈមណ្ឌលបន្សាប ស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀនផងដែរ។
យោងតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ១០,០០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២៧,៨១៧នាក់ (ស្រី២,១៣០នាក់) ចាប់យកបានគ្រឿងញៀចំនួន៧តោន ៥១៨គីឡូក្រាម, កញ្ញាស្រស់ ចំនួន២៦,២៦៧ដើម, កញ្ញាស្ងួត ចំនួន៧២គីឡូក្រាម និងរឹបអូសបានសារធាតុគីមីផ្សំចំនួន ១តោន ៩២គីឡូក្រាម។
នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចបានដុតបំផ្លាញគ្រឿងញៀន និងសារធាតុគីមី ចំនួន៧តោន និងជាង៨១៤គីឡូក្រាម រួមនឹងកញ្ញាក្រៀម៥គីឡូក្រាម។ ជាមួយគ្នានេះ មានសារធាតុគីមីផ្សំចំនួន ៣តោន ២៥៤គីឡូក្រាមផ្សេងទៀត ដែលនឹងត្រូវធ្វើការបន្សាបតាមលក្ខណៈបច្ចេកទេសក្នុងពេលវេលាសមស្របនៅពេលក្រោយ។
នាយឧត្តមសេនីយ៍ អគ្គលេខាធិការបន្ដថា តាមរយៈ App NoDrug មហាជនបានចូលរួមរាយការណ៍ពីបញ្ហាផ្សេងៗ និងបទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋានចំនួន៤៣៨ករណី ដែលក្នុងនោះក្រុមការងារ និងសមត្ថកិច្ចបានឆ្លើយតប និង ដោះស្រាយបាន២៣៨ករណី កំពុងដំណើរការដោះស្រាយ៧០ករណី ហើយ១៣០ករណីទៀត គឺជាចម្ងល់ផ្សេងៗ។
ចំពោះការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀន បានធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំ ដោយផ្ទាល់និងប្រយោលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានផ្ដល់សារអប់រំដល់ប្រជាពលរដ្ឋប្រមាណជាង ២៤លានអង្គ/នាក់ ក្នុងម្នាក់អាចចូលរួមទទួលសារអប់រំលើសពី១ដង។
តាមរយៈកម្មវិធីទូរស័ព្ទដៃ App Nodrug មានមហាជនជាង ៣ម៉ឺន៥ពាន់នាក់ បានទាញយក និងប្រើប្រាស់ដើម្បីទទួលបានព័ត៌មាន ការអប់រំស្តីពីបញ្ហាគ្រឿងញៀន និងរាយការណ៍៕