(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយមបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្ដិការលើការអភិវឌ្ឍនធនធានមនុស្ស ក្នុងគោលបំណងបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យធនធានទឹកនិងឧតុនិយម តាមរយៈការបណ្ដុះបណ្តាល ការកសាងសមត្ថភាព ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ។
ការចុះអនុស្សរណៈនេះធ្វើឡើងនាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម អមដំណើរដោយរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង។ អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយលោក ម៉េង ប៉ូគន្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល តំណាងក្រសួងធនធានទឹកនិងឧតុនិយម និងលោកសាស្ត្រាចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ អនុស្សរណៈនេះមានសុពលភាពរយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ហើយសុពលភាពនេះអាចត្រូវបន្ត ឬបញ្ចប់ អាស្រ័យដោយមានការព្រមព្រៀងគ្នារវាងភាគីទាំងពីរ។
អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណងបង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យធនធានទឹកនិងឧតុនិយម តាមរយៈការបណ្ដុះបណ្តាល ការកសាងសមត្ថភាព ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ ព្រមទាំងចូលរួមអនុវត្តគម្រោងនិងសកម្មភាពរួមគ្នាដែលនឹងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យនេះ។
នាឱកាសនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា វិស័យធនធានទឹកនិងឧតុនិយមបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការអនុវត្តនូវអាទិភាពគន្លឹះទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាគឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថា ក្នុងបរិបទបច្ចុប្បន្ន វិស័យធនធានទឹកនិងឧតុនិយមបាននិងកំពុងបម្រើយ៉ាងសកម្មដល់វិស័យកសិកម្ម និងវិស័យដែលពាក់ព័ន្ធដទៃទៀតមានជាអាទិ៍ ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កិច្ចគាំពារបរិស្ថាន ការដឹកជញ្ជូន រ៉ែនិងថាមពល អភិវឌ្ឍន៍ជនបទ ឧស្សាហកម្ម ទេសចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយ ។ល។ ហើយដែលទាមទារឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការ និងគាំទ្រ។
លោករដ្ឋមន្ត្រីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ ក្រសួង-ស្ថាប័នទាំងពីរនឹងបង្កើនការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍ និងការសិក្សាស្រាវជ្រាវ លើការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ និងជំរុញអ្នកជំនាញជំនាន់ថ្មីកាន់តែច្រើន៕