(ភ្នំពេញ)៖ ក្រុមបាល់ទាត់គោព្រៃកម្ពុជា បន្តចាញ់ក្រុមជម្រើសជាតិហុងកុង ជាលើកទី២ទៀត ដោយលទ្ធផលបច្ចេក ទេស ២-០ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅស្តាតអូឡាំពិកដែលទើបបញ្ចប់មុននេះ ដោយមានអ្នកទស្សនាផ្ទាល់ប្រមាណ ជិត ៥ម៉ឺននាក់។
កម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អផងដែរ តែទៅមិនរួចជាមួយនឹងក្រុមដែលសំបូរទៅដោយកីឡាករចម្រុះជាតិ សាសន៍ សប្បុរខ្មៅ និងមាឌធំខ្ពស់ៗ ក្រោមដំណក់ទឹកភ្លៀងតាំងពីមុនចាប់ផ្តើមប្រកួតមកម្ល៉េះក្នុងជើងទី២នេះ បន្ទាប់ពី ជើងទី១ ក៏បានបរាជ័យ ៤-២ នៅទឹកដីហុងកុងនោះ។
២គ្រាប់របូតរបស់កម្ពុជា គឺបានកើតឡើងនៅនាទីទី៧ ពីការតែតបញ្ចូលទីបានសម្រេចដោយកីឡាករ Sandro មុនពេលមិត្តរួមក្រុម Akande បន្ថែមគ្រាប់ទី២ នៅនាទីទី៣៣ ខណៈកីឡាករខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី និង ចាន់ វឌ្ឍនាកា ត្រូវបានគ្រូបង្វឹកកម្ពុជាលោក Lee Tae Hoon ដាក់ចូលលេងក្នុងវគ្គទី២។
កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិស្រីសង្កា ជាបន្តទៀតក្នុងមិត្តភាពអន្តរជាតិនេះដដែលនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ មុនធ្វើម្ចាស់ផ្ទះនៃការប្រកួតជម្រុះពានអាស៊ាន AFF Suzuki Cup 2016 ដោយត្រូវជួបប្រ៊ុយណេ ឡាវ និងក្រុមជម្រើសជាតិទីម័រខាងកើត ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលានៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះដូចគ្នា៕