(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយក្រុមការងារទ្វីបអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ (ESEA) និងសហគមន៍ខ្មែរ រៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅតំបន់ Fujisawa ខេត្ត Kanagawa។
កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធធ្វើ នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលជាពិធីបុណ្យប្រពៃណីរបស់ខ្មែរ។
កម្មវិធីច្រូតស្រូវ និងដាល់អំបុកនេះ មានការអញ្ជើញចូលរួមជាអធិបតីពី លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន មន្រ្តី និងបុគ្គលិកស្ថានទូត ក៏ដូចជាមានការចូលរួមពីប្រជាពលរដ្ឋខ្មែរជាង ៣០០នាក់ មកពីតំបន់នានាក្នុងប្រទេសជប៉ុនផងដែរ។
ស្ថានឯកអគ្គរាជទូតតែងតែរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុកជារៀងរាល់ឆ្នាំជាមួយសហគមន៍ខ្មែរ ដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនទាំងអស់ បានមកជួបជុំគ្នាសំណេះសំណាលគ្នា និងបង្កើនភាពសប្បាយរីករាយ មិត្តភាព និងសាមគ្គីភាព។
តាមរយៈកម្មវិធីនេះ ក៏ជាការចូលរួមផ្សព្វផ្សាយលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិរបស់ខ្មែរ ឱ្យបរទេសបានស្គាល់ឱ្យកាន់តែទូលំទូលាយ និងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យទៅចូលរួមទស្សនាតំបន់ទេសចរណ៍នានា នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។
កម្មវិធីនៃពិធីនេះមានជាអាទិ៍៖ សូត្រមន្ត ចម្រើនព្រះបរិត្តនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ការបរិភោគអាហារសាមគ្គី ការច្រូតស្រូវ និងដាល់អំបុក អកអំបុកសាមគ្គី ការលេងល្បែងប្រជាប្រិយខ្មែរ និងការរាំលេងកម្សាន្ត។
ក្នុងឱកាសនោះ លោក ទុយ រី បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលបានឃើញបងប្អូនខ្មែរជាច្រើនកុះករមកអញ្ជេីញចូលរួម ដែលបង្ហាញពីសាមគ្គីភាព និងមិត្តភាព ព្រមទាំងស្មារតីខ្មែរតែមួយ។
បន្ថែមពីនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនខ្មែរនៅជប៉ុនយ៉ាងច្រើនដែលបានចូលរួមបរិច្ចាគវិភាគទានស័្មគ្រចិត្តក្នុង «មូលនិធិកសាងរចនាសម្ព័ន្ធតាមព្រំដែន» និងបានលើកទឹកចិត្តឱ្យបងប្អូនខ្មែរជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការការពារព្រំដែន ក៏ដូចជាអធិបតេយ្យភាពរបស់កម្ពុជា។
លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានបន្ត ជម្រាបជូនបងប្អូនខ្មែរអំពីការរក្សាបាននូវសន្តិភាពពេញលេញទូទាំងប្រទេសចាប់ តាំងពីឆ្នាំ ១៩៩៨ មកដល់បច្ចុប្បន្ន វឌ្ឍនភាពរបស់ប្រទេសកម្ពុជា រួមទាំងការត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ដែលបានវាយតម្លៃរបស់គណៈកម្មាធិការអភិវឌ្ឍគោលនយោបាយនៃអង្គការសហប្រជាជាតិ៕