(ភ្នំពេញ)៖ ក្រោមកម្មវិធីបណ្តាញ និងការផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងប្រទេសនៅតំបន់អាស៊ីខាងកើត ហៅ កាត់ថា JENESYS ដែលរៀបចំឡើងដោយក្រសួងការបរទេសជប៉ុន បានផ្តល់ឱកាសឲ្យរូបខ្ញុំបាទ វ៉ាន់ សារាយ និងយុវជនកម្ពុជា ២១រូបផ្សេងទៀត ទស្សនកិច្ចនៅទីក្រុងតូក្យូ និងនៅខេត្តហ៊្វូគូស៊ីម៉ា (Fukushima) ប្រទេសជប៉ុនរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦កន្លងទៅថ្មី ៗនេះ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃទាំងរូបខ្ញុំ និងយុវជនកម្ពុជា មានឱកាសបានសិក្សា និងដកស្រង់ពិសោធន៍យ៉ាងច្រើនអំពីការរស់ នៅ ទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាការអភិវឌ្ឍ ដ៏ជឿនលឿនរបស់ប្រទេសជប៉ុន ដែលសុទ្ធសឹងជាពិសោធន៍សម្រាប់បរិយាយចែកជូន បងប្អូនប្រជាពលរដ្ឋខ្មែរជនរួមជាតិ។ តែដោយសារតែភាពមមាញឹកជាមួយនិងការងារក្នុងឱកាសនេះ ខ្ញុំសូមលើកយកត្រឹមតែបញ្ហាបរិយាកាស និងបរិស្ថានស្អាតនៅក្នុងប្រទេសជប៉ុន មកជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ហើយបញ្ហាផ្សេងៗទៀត ខ្ញុំនឹងលើកយកមកបរិយាយនាពេលក្រោយជាបន្តបន្ទាប់ទៀត។
យោងតាមស្ថិតិបានបង្ហាញថា គិតត្រឹមឆ្នាំ២០១៥ ប្រទេសជប៉ុន មានប្រជាពលរដ្ឋសរុប ១២៧លាននាក់ ក្នុងនោះនៅទីក្រុងតូក្យូ មានប្រជាពលរដ្ឋជាង ១៣លាននាក់។ ប្រទេសជប៉ុន ក៏ជាប្រទេសមួយ ដែលពឹងផ្អែកខ្ពស់ទៅលើវិស័យឧស្សាហកម្មសម្រាប់នាំចេញ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ខ្លួន។
បើទោះបីជាប្រទេសជប៉ុនមានប្រជាពលរដ្ឋច្រើន និងហ៊ុមព័ទ្ធដោយរោងចក្រសហគ្រាសយ៉ាងណាក្តី តែប្រទេសមួយនេះ នៅតែរក្សាបាន នូវបរិយាកាសល្អ និងបរិស្ថាន នៃការរស់នៅប្រកបដោយភាពល្អស្អាតទាំងនៅតាមទីជនបទ និងនៅក្នុងទីក្រុងតូក្យូ ដែលកកកុញដោយ ចំនួនប្រជាពលរដ្ឋក៏ដោយនោះ។
នៅកណ្តាលទីក្រុងតូក្យូ គេឃើញមានដៃសមុទ្រមួយ ដែលប្រៀបដូចជាទន្លេ បានលាតសន្ធឹងនៅកណ្តាលទីក្រុងតូក្យូ តែទឹកនេះ គឺមានទឹកថ្លាស្អាត ពោលមិនមានទឹកកខ្វក់ណាមួយបង្ហូរចូលនាំឲ្យទឹកនោះប្រែជាល្អកកខ្វក់នោះឡើយ។ បើតាមការសាកសួរជាមួយប្រជាពលរដ្ឋជប៉ុន ដែលជាអ្នកសម្របសម្រួលកម្មវិធី គាត់បានបង្ហាញថា ប្រព័ន្ធដឹកដែលប្រើប្រាស់តាមគេហដ្ឋាន សណ្ឋាគារ ក៏ដូចជាអាហារដ្ឋានផងនោះ ត្រូវបានឆ្លងប្រព័ន្ធចម្រោះយ៉ាងត្រឹមត្រូវមុននឹងបង្ហូរចេញ។
ប្រព័ន្ធបង្ហូរទឹកនេះ មិនត្រឹមតែនៅក្នុងទីក្រុងនោះឡើយ សូម្បីតែនៅតាមបណ្តាខេត្ត ដែលជាតំបន់ជនបទរបស់ជប៉ុនក្នុងខេត្តហ៊្វូគូស៊ីម៉ា ទឹកប្រើប្រាស់តាមផ្ទះមិនត្រូវបានបង្ហូរចោលពាសវាលពាសកាលនោះឡើយ ទឹកត្រូវបានរៀបចំប្រព័ន្ធលូយ៉ាងត្រឹមត្រូវបង្ហូរទៅកាន់ប្រឡាយក្បែរវាលស្រែ។ ការរៀបចំបែបនេះ វាមិនត្រឹមតែជួយធ្វើឲ្យបរិយាកាស និងបរិស្ថានរស់នៅរបស់ប្រជាកសិករជប៉ុនមានភាពល្អប្រសើរនោះទេ តែក៏បានជួយទាញយកទឹកទៅផ្សើមដីស្រែផងដែរ។
ដោយសារតែជាប្រទេស ដែលមានការអភិវឌ្ឍខ្ពស់ទាំងនៅក្នុងទីក្រុងតូក្យូ ក៏ដូចជាទៅតាមបណ្តាខេត្តក្រៅតែពីនៅតាមវាលស្រែ និងកន្លែងដាំដំណាំកសិកម្ម យើងរកស្ទើរតែមិនឃើញដីនោះឡើយ គឺគ្រប់បរិវេណសាធារណៈ និងបរិវេណក្នុងផ្ទះផងដែរ សូម្បីតែផ្លូវនៅតាមវាលស្រែត្រូវបានគ្របដណ្តប់ទៅដោយកៅស៊ូ។ ជាពិសេសការរស់នៅរយៈពេល ១០ថ្ងៃក្នុងប្រទេសជប៉ុន មិនមានលំអងធូលីហ៊ុយ លើរូបកាយរបស់ខ្ញុំនោះឡើយ។
វាច្បាស់ណាស់ការរក្សាបានបរិស្ថាន និងបរិយាកាសល្អស្អាតនេះ គឺកើតចេញពីការយកចិត្តទុកដាក់ និងដាក់ចេញគោលនយោបាយថែរក្សាអនាម័យពីរដ្ឋាភិបាល តែក៏មិនអាចកាត់ផ្តាច់ចេញពីស្មារតី នៃការចូលរួមថែរក្សាអនាម័យរបស់ប្រជាពលរដ្ឋបាននោះឡើយ។
តាមបណ្តាដងផ្លូវរយៈពេល ១០ថ្ងៃនេះ ខ្ញុំហាក់មិនបានឃើញប្រជាពលរដ្ឋជប៉ុនណាម្នាក់បរិភោគអាហារ ហើយបោះចោលកញ្ចប់អាហារពាសវាលពាសកាល។ ដោយឡែកនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានក្រដាសមិនត្រូវបានដាក់ឲ្យភ្ញៀវប្រើប្រាស់បរិបូរណ៍ដូចនៅក្នុងប្រទេសកម្ពុជានោះឡើយ ពោលតាមអាហារដ្ឋាន គឺមានតែក្រដាសខ្ចប់ស្លាប់ព្រាតែមួយ ឬពីរសន្លឹកប៉ុណ្ណោះ។
ក្នុងនោះខ្ញុំសង្កេតឃើញនៅក្នុងប្រអប់ស្កគ្រាប់កៅស៊ូ ក៏មានការដាក់សន្លឹកក្រដាសតូចៗសម្រាប់វិចខ្ចប់ស្កគ្រាប់ដាក់ចូលធុងសំរាមក្រោយពេលបរិភោគផងដែរ។ រីឯនៅតាមលំនៅឋានវិញ កាកសំណល់ផ្សេងៗត្រូវបានវេចខ្ចប់ និងបែងចែងយ៉ាងត្រឹមត្រូវមុនយកទៅបោះចោលតាមធុងសំរាម។
ទម្លាប់ល្អក្នុងការរស់នៅស្អាតរបស់ពលរដ្ឋជប៉ុននេះ មិនត្រឹមតែនៅបរិយាកាសខាងក្រៅនោះទេ សូម្បីតែនៅតាមលំនៅឋានប្រជាពលរដ្ឋ ជប៉ុន ក៏ទម្លាប់រស់នៅជាមួយអនាម័យស្អាតផងដែរ។ ក្នុងផ្ទះរបស់ប្រជាពលរដ្ឋត្រូវបានរៀបចំទុកដាក់យ៉ាងសមសួន និងមានសណ្តាប់ធ្នាប់ បើទោះបីផ្ទះរបស់ពួកគេមានលក្ខណៈតូចចង្អៀតក្តី។
ព្រោះតែទម្លាប់ក្នុងការស់នៅស្អាត និងហូបស្អាតរបស់ប្រជាពលរដ្ឋជប៉ុននេះ មិនត្រឹមតែធ្វើឲ្យប្រទេសជប៉ុនមានបរិស្ថាន និងបរិយាកាសល្អនោះទេ តែវាក៏បានជួយឲ្យសុខភាពរបស់ប្រជាពលរដ្ឋជប៉ុន ល្អប្រសើរផងដែរ។ ប្រជាពលរដ្ឋជប៉ុន បើទោះបីមានអាយុជាង ៦០ឆ្នាំទៅហើយក្តី ក៏ពួកគាត់នៅតែមានកម្លាំងមាំមួន និងអាចបើកបររថយន្តបានផងដែរ។
ការរស់នៅរយៈពេល ១០ថ្ងៃលើទឹកដីប្រទេសជប៉ុន បានធ្វើឲ្យខ្ញុំមានអារម្មណ៍ទទួលបានផាសុខភាពខ្ពស់ ទៅលើបរិយាកាសរស់នៅជុំវិញខ្លួន ហើយក៏នឹករំពៃចង់ឃើញប្រទេសកម្ពុជា មាតុភូមិកម្សត់រងការបំផ្លាញដោយភ្លើងសង្រ្គាមពីអតីតកាលរបស់ខ្ញុំ ទទួលបានបរិយាកាសរស់នៅប្រកបដោយភាពអនាម័យខ្ពស់ និងល្អស្អាតបែបនេះផងដែរ។
សម្រាប់កម្ពុជាមាតុភូមិដ៏កម្សត់ កុំថាឡើយតាមទីជនបទ សូម្បីក្នុងរាជធានីភ្នំពេញ ជាបេះដូងរបស់កម្ពុជា បើទោះបីបច្ចុប្បន្នកម្ពុជាកំពុងដាក់ចេញនូវការប្រឡង ប្រណាំងទីក្រុងស្អាត ដើម្បីលើកកម្ពស់សោភណភាពទីក្រុងយ៉ាងណាក្តី តែសោភណភាព និងបរិយាកាសរស់នៅក្នុងទីក្រុងនេះ ហាក់មិនទាន់មានភាពល្អប្រសើរទាំងស្រុងនៅឡើយ ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ថែមទៀត។
ប្រជាពលរដ្ឋខ្មែរទាំងនៅទីក្រុង និងជនបទ ត្រូវបានសង្កេតឃើញថាក្នុងមួយឆ្នាំៗ ត្រូវចំណាយថវិកាយ៉ាងច្រើនក្នុងការថែទាំងសុខភាព និងចំណាយទៅលើការព្យាបាលជំងឺ។ បញ្ហាសុខភាពនេះអាចបណ្តាលមកពីកត្តាជាច្រើនដូចជាចំណីអាហារគ្មានសុវត្ថិភាពជាដើម តែក្នុងនោះក៏មានចំណែកខ្លះមកពីទម្លាប់រស់នៅមិនយកចិត្តទុកដាក់ទៅលើអនាម័យស្អាតផងដែរ។
ដើម្បីលើកកម្ពស់សោភណភាព និងលុបបំបាត់ភាពកខ្វក់ទាំងក្នុងរាជធានីភ្នំពេញ តំបន់ទេសចរណ៍ និងកន្លែងរស់នៅទាំងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាប្រជាពលរដ្ឋ គួរដល់ពេលរួមគ្នាលើកកម្ពស់ស្មារតីទៅលើការថែរក្សាអនាម័យ និងបរិស្ថានក្នុងការរស់នៅ ជាពិសេសគួរដល់ពេលចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបញ្ឈប់ការដើរបោះសំរាមពាសវាលពាសកាលតាម ទីសាធារណៈ ក៏ដូចជាក្នុងបរិវេណផ្ទះសម្បែងដែលរស់នៅប្រចាំថ្ងៃ។
បើយើងអាចរួមគ្នាយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាបរិស្ថានតាមរយៈការលើកកម្ពស់អនាម័យក្នុងការរស់នៅប្រចាំថ្ងៃនេះបាន នោះយើងនឹងជួយធ្វើឲ្យសង្គមរបស់ យើងកាន់តែមានសោភណភាពស្រស់ស្អាត និងអាចកាត់បន្ថយបញ្ហាសុខភាព ដែលនាំឲ្យមានជំងឺផ្សេងៗផងដែរ។ មួយវិញទៀត ប្រទេសកម្ពុជា គឺជាទីឋានដែលមានកន្លែងសម្រាប់ទេសចរយ៉ាងច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរអន្តរជាតិទស្សនាកម្សាន្ត ដូច្នេះបើប្រជាពលរដ្ឋខ្មែរយកចិត្តទុកដាក់ថែរក្សាអនាម័យ និងបរិស្ថានស្អាតជាមួយទម្លាប់ល្អៗមិនបោះសំរាមចោលពាសវាលពាសកាលវានឹងជួយឲ្យតំបន់ទេសចររបស់ពួកយើងកាន់តែស្រស់ស្អាត និងទាក់ទាញអ្នកទេសចរមកកាន់កម្ពុជាកាន់តែច្រើន បង្កើនចំណូលថវិកាជាតិកាន់តែច្រើន និងបង្កើនការងារជូនពលរដ្ឋខ្មែរកាន់តែច្រើន ជីវភាពក៏កាន់តែធូរធារ៕
ខាងលើជាងរូបភាពក្នុងផ្ទះកសិករជប៉ុន ក្នុងខេត្តហ៊្វូគូស៊ីម៉ា