(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី១ ឆ្នាំ២០២៤ បានឈានដល់ថ្ងៃចុងក្រោយ នៅថ្ងៃទី២០ ខែតុលានេះហើយ ដោយមានកីឡាករ-កីឡាការិនីឆ្នើមៗ ត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រ ចាប់ពីព្រឹក រហូតដល់ល្ងាច លើវិញ្ញាសាសម្ដែង និងប្រយុទ្ធ ដើម្បីប្រជែងមេដាយមាសពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដ៏មានសារៈសំខាន់ និងប្រកបដោយគុណតម្លៃថ្លៃថ្លាបំផុតនេះ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ រៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងគោលដៅលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ «មរតកយុទ្ធគុនដូនតាខ្មែរ»

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរគណៈកម្មការរៀបចំ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ហើយសង្ឃឹមថា នៅឆ្នាំក្រោយ នឹងមានការចូលរួមប្រកួតច្រើនជាងនេះថែមទៀត។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជារយៈពេល៣ថ្ងៃមកនេះ សម្តេចមិនបានតាមដានផ្ទាល់ ប៉ុន្តែសម្តេចបានមើលតាមរយៈការ Live ផ្ទាល់ជាប់រហូត។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការរៀបចំការប្រកួតយុទ្ធជននេះ ជាការបង្ហាញក្បាច់គុនសម្បូរបែបរបស់កម្ពុជា។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា នៅម៉ោងនេះ កម្ពុជាកំពុងបង្ហាញក្បាច់គុនល្បុកតោកម្ពុជា នៅខេត្តហឺណានប្រទេសចិន ដែលការបង្ហាញនេះ មិនមែនសម្រាប់ដែលក្នុងប្រទេសទេ ប៉ុន្តែបង្ហាញដល់អន្តរជាតិថែមទៀត។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា នៅឆ្នាំក្រោយនេះ នឹងមានការចូលរួមប្រកួតក្បាច់គុណនៅកម្ពុជា កាន់តែច្រើនជាងឆ្នាំនេះថែមទៀត។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យចូលរួមអភិរក្សក្បាច់គុនបុរាណខ្មែរ ឲ្យកាន់តែរុងរឿងថែមទៀត។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង ៨៖២១នាទីយប់ថ្ងៃនេះ។ សូមអរគុណចំពោះការទស្សនាការផ្សាយបន្តផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕