(ព្រះវិហារ)៖ លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះសួសុខទុក្ខ និងនាំយកអំណោយដ៍ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មកប្រគល់ជូនកងកម្លាំងសឹករងខេត្ត ដែលកំពុងបំពេញបេសកកម្មបង្រ្កាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន ចំណុចអាងទឹករក្សា ស្ថិតក្នុងភូមិក្រវ៉ាន់ ឃុំពុទ្រ្ទា ស្រុកជ័យសែន ខេត្តព្រះវិហារ​។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងកោតសរសើរកងកម្លាំងសឹករងខេត្តទាំងអស់ ដែលកំពុងឈរជើងបំពេញបេសកកម្មបង្រ្កាបបទល្មើសនេសាទខុសច្បាប់តាមដងស្ទឹងសែន បានអនុវត្តន៍តួនាទីភារកិច្ច បានយ៉ាងល្អប្រសើរ ស្របតាមបទបញ្ជា និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទទួលបានជោគជ័យ។

លោកបានថ្លែងណែនាំបន្ថែមដល់កម្លាំងសឹករងខេត្តទាំងអស់ ដែលកំពុងឈរជើងនៅទីនេះ ត្រូវបន្តយកចិត្តទុកដាក់សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានបង្រ្កាប និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់តាមដង ស្ទឹងសែន ឱ្យមានប្រសិទ្ធិភាពខ្ពស់ ពិសេសត្រូវយកចិត្តទុកដាក់អង្កេតតាមដានរាល់សកម្មភាពល្មើសផ្សេងតាមដងស្ទឹងសែន ដើម្បីមានវិធានការបង្រ្កាបឱ្យទាន់ពេលវេលា ទាំងការនេសាទខុសច្បាប់ និងការសង់ខ្ទមបែប អនាធិបតេយ្យតាមមាត់ស្ទឹងសែនរបស់ប្រជាពលរដ្ឋចំណាកស្រុក។

ដើម្បីជាការលើកទឹកចិត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត បាននាំយកសម្ភារ និងថវិកាចំនួន​ ដែលជាអំណោយដ៍ថ្លៃថ្លារបស់​សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ តាមរយៈ​នាយឧត្ដមសេនីយ៍​ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង ​នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជើងគោក​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ជូនដល់​កម្លាំង​ដែលឈរជើង​នៅទីនោះ​រួមមាន​៖ ​ថវិកាចំនួន​៣០០,០០០រៀល, មី​ ចំនួន០៤កេស, អង្ករចំនួន០៤បេ​, ត្រីខ​ ចំនួន០៤យួ​រ, ទឹកត្រី​ចំនួន០៤យួ​រ, ទឹកស៊ីអ៊ីវ​ ចំនួន០៤យួ​រផង​ដែរ​។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានដឹកនាំក្រុមការងារបន្តចុះល្បាតដោយកាណូតតាមដងស្ទឹងសែន​ ដើម្បីពិនិត្យជាក់ស្ដែង​ស្ថានភាពតាមដងស្ទឹង និងបានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រើប្រាស់សម្ភារនេសាទដោយ ស្របច្បាប់ កុំនេសាទដោយខុសច្បាប់ ដើម្បីកុំឱ្យមានទោសដល់ខ្លួន ពិសេសបានចូលរួមថែរក្សាពូជត្រីឱ្យនៅគង់វង្ស៕