(កណ្ដាល)៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល លោក វ៉ិត ធារិទ្ធ បានចេញមុខបដិសេធ និងច្រានចោលចំពោះការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកផ្ដើមគំនិតប្ដឹង រូបលោក ទៅតុលាការខេត្តកណ្ដាល ពីបទរំលោភលើសេចក្ដីទុកចិត្ត ក្នុងជម្លោះដីធ្លីក្នុងស្រុកស្អាង ថា រឿងរ៉ាវទាំងអស់នេះ ពុំមែនជាការពិតនោះទេ ពោលវាបានកើតចេញមក ដោយសារតែរូបលោកទុកចិត្ត ចំពោះឈ្មួញទិញដីម្នាក់ ដែលបានរាប់អានគ្នា រហូតបានព្រមព្រៀងលក់ដីមួយកន្លែង ដែលឈ្មួញរូបនោះ សុំទិញពីរូបលោក តាំងពី៦ទៅ៧ឆ្នាំមុន។
លោក វ៉ិត ធារិទ្ធ បានបន្តថា ដំបូងឡើយលោកបានលក់ដី ឲ្យបុគ្គលម្នាក់ឈ្មោះ ផេង ស៊ីផល ដែលធ្លាប់អានគ្នា ជាបងប្អូនធម៌ផងដែរ នាពេលកន្លងមក។ ឈ្មោះនេះ បានសុំទិញដីរបស់លោក ចំនួន៣ហិកតា ស្ថិតនៅក្នុងភូមិព្រែកខ្សេវ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដោយក្នុងមួយម៉ែត្រការ៉េ មានតម្លៃ៥ដុល្លារ ដូច្នេះចំនួន៣ហិកតា ស្មើនឹង១៥ម៉ឺនដុល្លារ (មានឯកសារបញ្ជាក់)។ លោកបន្តថា ការទិញលក់នោះ គឺបានកើតឡើង ប្រមាណជា៦ទៅ៧ឆ្នាំមកហើយ ដោយឈ្មោះ ផេង ស៊ីផល បានប្រគល់លុយកក់ឲ្យ លោកចំនួនតែ២៧០០០ដុល្លារប៉ុណ្ណោះ ដោយរហូតមកដល់ពេលនេះ លោកមិនទាន់បានទទួលលុយ គ្រប់ចំនួន លើដីដែលបានព្រមព្រៀងគ្នា ចំនួន៣ហិកតា នោះឡើយ។
នាយខណ្ឌរដ្ឋបាលជលផល ខេត្តកណ្ដាលរូបនេះ បានបន្តទៀតថា ប៉ុន្តែដោយសារតែការរាប់អានគ្នា ជិតស្និទ្ធ ជាប្អូនធម៌បងធម៌ ទើបលោកយល់ព្រមធ្វើលិខិត ទិញលក់មួយ ដោយដាក់ថា បានប្រគល់លុយគ្រប់ចំនួន ព្រោះដោយសំអាង តាមការអះអាងរបស់ឈ្មោះ ផេង ស៊ីផល ដើម្បីងាយស្រួលលក់ ឬបញ្ចាំបន្ត បានលុយគ្រប់ចំនួន ប្រគល់ជូនរូបលោក។ ប៉ុន្តែតាំងពីពេលនោះមក ឈ្មោះ ផេង ស៊ីផល មិនបានប្រគល់លុយ ឲ្យលោកគ្រប់ចំនួនទេ ហើយបច្ចុប្បន្នដោយមើលឃើញថា ដីឡើងថ្លៃ ក៏បានមកសុំឲ្យលោកខ្វៀលដីឲ្យ តាមតម្លៃលុយដែលបានកក់ (២៧០០០ដុល្លារ) ឲ្យរូបគេទៅវិញ ប៉ុន្តែលោកមិនព្រម ទើបកើតជាការប្ដឹងប្ដល់តែម្ដង។
លោក វ៉ិត ធារិទ្ធ អះអាងថា មូលហេតុដែលលោក មិនព្រមខ្វៀលដីឲ្យបែបនេះ ព្រោះវាខុសទៅនឹងអ្វីដែលបានសន្យាគ្នា ពីមុនមក ហើយអាចឲ្យដីខូចទ្រង់ទ្រាយផងដែរ ទើបលោកពន្យល់ថា បើមានលុយគ្រប់ចំនួនថ្ងៃណា ប្រគល់ឲ្យរូបលោកថ្ងៃណា ដីនោះនឹងប្រគល់ជូនឈ្មោះ ផេង ស៊ីផល ភ្លាម ព្រោះស្ថិតនៅក្នុងកិច្ចសន្យាទិញលក់ រួចហើយ។
យ៉ាងណាមិញ លោក វ៉ិត ធារិទ្ធ បានបន្តទៀតថា គួបផ្សំជាមួយនឹងបណ្ដឹងនេះ ក៏មានរឿងរ៉ាវច្រណែនឈ្នានីស កាច់កុងគ្នាច្រើនរឿងទៀតដែរ ទើបរហូតឈានដល់ការ ប្ដឹងរូបលោកបែបនេះ ហើយសម្រាប់ការចោទប្រកាន់ថា លោករំលោភយកដីបឹង ធ្វើជាកម្មសិទ្ធិនោះ គឺរឹតតែមិនពិតទៅទៀត ព្រោះលោកគឺជាអ្នកជួយអភិរក្សបឹងនេះ ដើម្បីទុកទឹកប្រើប្រាស់ សម្រាប់បងប្អូនក្នុងមូលដ្ឋាន និងសម្រាប់កសិដ្ឋាន របស់លោកផងដែរ។ ដូច្នេះគ្មានអ្វីដែលរូបលោក ត្រូវទៅរំលោភធ្វើជាកម្មសិទ្ធិឡើយ។ រាល់ការចោទប្រកាន់ទាំងឡាយ លោក សូមធ្វើការបដិសេដទាំងស្រុងថា ពុំមែនជាការពិតនោះទេ៕