(ហុកស្បេ - ណែបភា)៖ ឆ្លៀតក្នុងដំណើរចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាសមាជិកបក្សប្រជាជនកម្ពុជា (CPP) ដែលកំពុងរស់នៅ ប្រទេសនូវ៉ែលហ្សេឡង់, នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច បានអញ្ជើញចូលរួមសំណេះសំណាល និងណែនាំការងារ មួយចំនួន ជូនដល់ក្បាលម៉ាស៊ីន ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ ហុកស្បេ និង ណែបភា ប្រទេសនូវ៉ែលហ្សេឡង់។

ក្នុងឱកាសនោះ, លោកបណ្ឌិត បានធ្វើការរំលឹកជូនអំពី សាវតាប្រវត្តិសាស្ត្រនៃការបង្កើតគណបក្សប្រជាជនកម្ពុជា និងសកម្មភាព នៃការតស៊ូ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបញ្ចប់សង្គ្រាមទាំងស្រុង នៅកម្ពុជា ,ទប់ស្កាត់ការកាប់សម្លាប់ខ្មែរ និងខ្មែរ និងទប់ស្កាត់ការវិលត្រលប់វិញនូវរបបខ្មែរក្រហម និងបង្រួបបង្រួមជាតិ ។ បន្ថែមលើនេះ សកម្មភាពជាស្នាដៃជាច្រើន របស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំការពារ សន្តិភាព, រក្សាស្ថិរភាពនយោបាយ, និងជំរុញការអភិវឌ្ឍប្រទេស លើគ្រប់វិស័យ អោយមាន ការរីកចំរើន ជាបន្តបន្ទាប់ តាមជំហាន ដោយមានចង្ខុវិស័យច្បាស់លាស់។

បន្ថែមលើនេះ, លោកបណ្ឌិត បានធ្វើការចែករំលែកនូវបទពិសោធន៍ការងារផ្ទាល់ខ្លួន លើកិច្ចការមូលដ្ឋាន និងបានចែករំលែកនូវចំណេះដឹងស្តីពី «បុព្វហេតុ សមិទ្ធិផល និងបណ្តាមេរៀនជាប្រវត្តិសាស្ត្រ និង គោលការណ៍ជាសារវ័ន្តមួយចំនួនដើម្បីក៏សាងបក្សប្រជាជនកម្ពុជា» ដើម្បីទុកជាចំណេះដឹង និង ទុកជាមូលដ្ឋានក្នុងការបំពេញការងារ សម្រាប់ដល់បងប្អូន។

ជាមួយគ្នានេះ, លោកបណ្ឌិត បានធ្វើការណែនាំ ដល់បងប្អូនក្បាលម៉ាស៊ីនបក្សប្រចាំតំបន់ ហុកស្បេ -ណែបភា៖

*ត្រូវពង្រឹង និងពង្រីកសមាជិកបក្ស អោយបាន ច្រើនបន្ថែមទៀត ដោយរក្សាកំលាំងចាស់ និងបង្កើនកំលាំងថ្មី
*ផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់បងប្អូនសមាជិកបក្ស និងវាយបករាល់មតិប្រឆាំងទាំងឡាយណា ដែលប៉ះពាល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា
*ឧស្សាហ៍ទំនាក់ទង និងសួរសុខទុក្ខ ដល់បងប្អូនសមាជិកបក្សរបស់យើង និងជួយដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយ ក្នុងករណីបងប្អូនសមាជិកបក្សយើងជួបប្រទះ។
*ត្រូវពង្រឹង យន្តការណ៍ដឹកនាំ ក្រុម និង រៀបចំការប្រជុំទៀងទាត់ ដើម្បីត្រួតពិនិត្យមើលការងារ និងស្វែងរកចំនុចខ្សោយ ដើម្បីធ្វើការកែប្រែកំហុសទាំងនោះ
*ត្រូវមានស្មារតីទទួលខុសត្រូវលើការងារ, មានសីលធម៍, មានសុជីវធម៍ , ពង្រឹងសាមគ្គីភាព និងមានឯកភាពផ្ទៃក្នុងក្រុម៕