(កំពង់ឆ្នាំង)៖ នាព្រឹកថៃ្ងអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យទីតាំងត្រៀម ធើ្វលំហាត់ ហ្វឹកហ្វឺនរួមរវាង កម្ពុជា-ឡាវ-វៀតណាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។

កងទ័ពកម្ពុជា វៀតណាម និងឡាវ បានត្រៀមធ្វើលំហាត់សមយុទ្ធរួមគ្នា រយៈពេល១៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។

លំហាត់សមយុទ្ធនេះ ធ្វើឡើងលើមូលបទ «សង្គ្រោះគ្រោះមហន្តរាយនៃការបាក់រលំអគារ, ការងារមនុស្សធម៌លើផ្នែកសុខាភិបាល និងការប្រកួតកីឡាយោធារវាងកងទ័ព៣ ប្រទេសកម្ពុជា-ឡាវ-វៀតណាម»។ សម្រាប់ទីតាំងនៃការធ្វើលំហាត់នេះត្រូវបានជ្រើសរើសធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ព្រមទាំងមានពិធីចែកអំណោយដល់សិស្សានោះសិស្សនៅវិទ្យាល័យទេប្រណម្យ ខេត្តកណ្តាល។

ការធ្វើលំហាត់សមយុទ្ធរួមគ្នាកម្ពុជា វៀតណាម-ឡាវ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៤នេះនឹងបានផ្តល់ឱកាសដល់កងទ័ពប្រទេសទាំង៣ប្រទេស ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ លើមូលដ្ឋានកិច្ចសហប្រតិបត្តិការ «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»។

ការធ្វើលំហាត់នេះ ក៏ដើម្បីចែករំលែកចំណេះដឹង ចំណេះធ្វើ ការផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក៏ដូចជាបន្តកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល ក្រសួងការពារជាតិប្រទេសទាំងបី ដោយឈរលើស្មារតីគោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី តាមគោលការណ៍ស្មើភាព រក្សាផលប្រយោជន៍គ្នាទៅវិញទៅមក៕