(ឡាវ)៖ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងធនាគារនៃរដ្ឋសភារួមជាមួយ លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជួន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ាលើកទី៤៥ នៅព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤។

កិច្ចប្រជុំបាន ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៨ រួមមាន៖
- សេចក្ដីព្រាងសេចក្ដីសម្រេចទី១ «ស្ដីពីការពង្រឹងភាពធន់នឹងអ៊ីនធឺណិតរបស់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការសភា៖ ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលប្រកបដោយសុវត្ថិភាព និងភាពរស់រវើក»។

- សេចក្ដីព្រាងសេចក្ដីសម្រេចទី២ «ស្ដីពីតួនាទីរបស់សភាក្នុងការគាំទ្រការអនុវត្តគោលការណ៍ណែនាំអាស៊ានស្តីពីការជំរុញការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យកសិកម្ម ស្បៀងអាហារ និងព្រៃឈើ»។
- សេចក្ដីព្រាងសេចក្ដីសម្រេចទី៣ «ស្ដីពីតួនាទីរបស់សភាក្នុងការជំរុញការកៀរគរមូលធនបៃតងសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ឆ្ពោះទៅរកផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥»។
- សេចក្ដីព្រាងសេចក្ដីសម្រេចទី៤ «ស្ដីពីតួនាទីសភាក្នុងការលើកកម្ពស់សមាហរណកម្មបច្ចេកវិទ្យាឌីជីថលអាស៊ាន ឆ្ពោះទៅរកផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥»។
- សេចក្ដីព្រាងសេចក្ដីសម្រេចទី៥ «ស្ដីពីការពង្រឹងមាគ៌ារបស់អាស៊ានទៅកាន់ប្រព័ន្ធពាណិជ្ជកម្មកាបូនរួមគ្នា សម្រាប់កំណើនប្រកបដោយចីរភាព និងភាពធន់នឹងបរិស្ថាន»។
- សេចក្ដីព្រាងសេចក្ដីសម្រេចទី៦ «ស្ដីពីការទាញយកសក្តានុពលទេសចរណ៍ធម្មជាតិសម្រាប់ការស្តារសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងអាស៊ាន»។
- សេចក្ដីព្រាងសេចក្ដីសម្រេចទី៧ «ស្ដីពីការកែលម្អសមត្ថភាពស្ថាប័នដើម្បីលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូន អាកាសចរណ៍ និងកំពង់ផែសមុទ្រនៅក្នុងតំបន់អាស៊ាន»។
- សេចក្ដីព្រាងសេចក្ដីសម្រេចទី៨ «ស្ដីពីការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ាន ស្តីពីបញ្ញាសិប្បនិមិត្ត»។

កិច្ចប្រជុំនេះមានការចូលរួមពីគណៈប្រតិភូសភាសមាជិកអាយប៉ា មាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃឡង់ដ៍ និងវៀតណាម។ គណៈប្រតិភូទាំងអស់បានផ្ដល់ធាតុចូល និងអនុសាសន៍ជាច្រើន ដោយផ្តោតទៅលើអត្ថប្រយោជន៍ និងមានសារៈសំខាន់ជារួមសម្រាប់សេដ្ឋកិច្ចប្រទេសជាសមាជិកអាយប៉ា៕