(កណ្តាល)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន និងលោកស្រី ឆាយ សាលីន តំណាងនាយឧត្តមសេនីយ៍ សថេត អគ្គស្នងការនគរបាលជាតិ បាននាំយកស្បង់ត្រ័យជីវរ ដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងព័ទ្ធសីមាអស់កាលត្រីមាសនៅទីអារាមវត្ត ឱង្ការាម ឋិតក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

នៅក្នុងឆ្នាំនេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មានសទ្ធាជ្រះថ្លា គ្រោងនឹងធ្វើការដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាម ចំនួន ៤វត្ត ក្នុងនោះ សម្រាប់ខេត្តតាកែវ មានចំនួន ៣វត្ត ខេត្តកណ្តាល មានចំនួន ១វត្ត ហើយវត្តឱង្ការាមនេះ គឺជាវត្តទី១ ដែលលោក ឃឹង សារ៉ាត់ និងលោកស្រី ព្រមទាំងបុត្របានដឹកនាំដង្ហែអង្គកឋិនទាន ចូលរួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ្ធ ដើម្បីប្រមូលបច្ច័យរួមចំណែកលើកស្ទួយលើវិស័យព្រះពុទ្ធសាសនា និងកសាងសមិទ្ធផលនានា នៅក្នុងទីអារាមវត្តឱង្ការាមឲ្យកាន់តែប្រសើ និងដើម្បីទុកជាឧត្តមប្រយោជន៍សម្រាប់ប្រជាពុទ្ធបរិស័ទគោរពបូជា។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងថា ការជួបជុំគ្នាប្រារព្ធពិធីបុណ្យកឋិនទានក្នុងថ្ងៃនេះ អាចធ្វើឡើងប្រកបដោយភាពជិតស្និទ្ធសប្បាយរីករាយ ក៏ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព និងភាពសំបូរសប្បាយ ។

លោក ឃឹង សារ៉ាត់ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវនិរន្តរភាពយូរអង្វែងសម្រាប់ទាំងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយៗទៀត តាមរយៈការរក្សាការពារឱ្យបានដាច់ខាតនូវកត្តាសុខសនិ្តភាព រក្សាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងបន្ថែមនូវការអភិវឌ្ឍទៅមុខឥតឈប់ឈរ ជាពិសេសធ្វើអោយមានសុខុមនីយកម្មផ្នែកសាសនាក្នុងប្រទេសកម្ពុជា។ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ អាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទកុំចាញ់ការញ៉ួសញ៉ុងរបស់ជនអគតិ ហើយត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ និងការកសាងអភិវឌ្ឍជាតិ។

នៅក្នុងឱកាសដែរនោះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានយកបច្ច័យរបស់ នាយឧត្តមសេនីយ៍ សថេត ព្រមទាំងបច្ច័យសរបស់ពុទ្ធបរិស័ទសង្កត់ត្រៃអង្គកឋិនទានសរុបចំនួន៩៩,៩៩៩,៩០០រៀល ដើម្បីទុកក៏សាងសមិទ្ធផលនានាក្នុងទីអារាមឱង្ការាមដែលបច្ចុប្បន្នកំពុងមានការខ្វះខាត។

ក្រៅពីបច្ច័យសង្កត់ត្រៃអង្គកឋិនទាន ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកស្រី បានជួយកសាងកុដ្ឋិចំនួនមួយខ្នងមានតម្លៃប្រមាណជាង៥ម៉ឺនដុល្លាអាមរិកដល់វត្តឱង្ការាម និងឧបត្ថម្ភកសាងផ្លូវចូលវត្តចំនួន២ខ្សែ ឋិតក្នុងស្រុកបាទី ខេត្តតាកែវ ដែលជាអំណោយនាយឧត្តមសេនីយ៍ ស ថេត និងលោកស្រី ផងដែរ៕