(តាកែវ)៖ អាជ្ញាធរខេត្តតាកែវ នាព្រឹកថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំពិធីលែងបង្កងចំនួនក្បាលទៅក្នុងបឹងតាកែវ ដែលស្ថិតក្នុងក្រុងដូនកែវខេត្តតាកែវ។ កម្មវិធីលែងបង្កងនេះ មានការចូលរួមពីលោក អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក វ៉ី សំណាង អភិបាលខេត្តតាកែវ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តស្វាយរៀង។

បើយោងតាមមន្រ្តីរដ្ឋបាលជលផលខេត្តតាកែវ ពិធីលែងបង្កង ចំនួន ២,០០០ក្បាល ស្មើនឹង ១៥០គីឡូក្រាម ចូលក្នុងបឹងតាកែវ គឺដើម្បីអភិរក្ស និង បង្កើនធនធានបង្កងឱ្យកាន់តែសម្បូរឡើងថែមទៀត នៅក្នុងបឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ។

សូមជម្រាបជូនដែរថា បង្កងធម្មជាតិខេត្តតាកែវ គឺមានភាពល្បីល្បាញខ្លាំងនៅទូទាំងប្រទេស ត្រូវបានទទួលស្គាល់ និងល្បីល្បាញថាជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ បង្កងធម្មជាតិ ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើងនិងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបូរី ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត។ 

ខេត្តតាកែវ មានកសិដ្ឋានចិញ្ចឹមបង្កងចំនួន ១០កន្លែងទូទាំងខេត្ត និងបរិមាណផលបង្កង ក្នុងមួយឆ្នាំសរុប ៦៧តោន៕