(ភ្នំពេញ)៖ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រយៈពេល ៩ខែ ឆ្នាំ២០២៤នេះ ការនាំចេញស្បែកជើង មានការកើនឡើង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកឧកញ៉ា បានឲ្យដឹងបែបនេះ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសាររបស់សមាជិកសមាគមស្បែកជើងកម្ពុជា នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅបន្ទប់ Ballroom របស់ Naga World I ក្រោមវត្តមានលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
អ្នកឧកញ៉ា លី ឃុនថៃ បានឲ្យដឹងថា បើធៀបនឹងឆ្នាំ២០២៣ រយៈពេល ៩ខែដូចគ្នា ក្នុងឆ្នាំ២០២៤នេះ ការនាំចេញស្បែកជើង មានការកើនឡើង ២៣ភាគរយ ក្នុងនោះ មានការនាំចេញទៅអឺរ៉ុប អាមេរិក និងអាស៉ី ដែលមានចិនផងដែរ។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២៤ ពោលគឺនៅសល់ប្រមាណ ២ខែទៀត ការនាំចេញអាចនឹងកើនឡើងបន្តទៀត ក៏ប៉ុន្តែទឹកប្រាក់មិនទាន់អាចប៉ាន់ស្មានបានទេ។
បើតាមអ្នកឧកញ៉ា លី ឃុនថៃ មូលហេតុដែលមានសុទិដ្ឋិនិយមថា នឹងមានកំណើននាំចេញស្បែកជើង ដោយសារសក្តានុពលនៃការបញ្ចេញទិញ របស់អ្នកវិនិយោគ ក្នុងប្រមាណឆ្នាំចុងក្រោយនេះ គេមានទឹកចិត្តកាន់តែច្រើនឡើងជាងមុនទៅទៀត។ ការទុកចិត្តកាន់តែខ្លាំង នៅពេលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលធ្វើឲ្យអ្នកវិនិយោគមកពីប្រទេសផ្សេងៗ ចង់វិនិយោគនៅប្រទេសកម្ពុជា។
សមាគមស្បែកជើងកម្ពុជា បានបើកដំណើរការមកអស់រយៈពេល ៥ឆ្នាំហើយ ដោយសម្រេចបានសមិទ្ធផលជាច្រើន ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍវិស័យផលិតស្បែកជើងនៅកម្ពុជា។ សមាគមតែងតែទាក់ទាញអ្នកវិនិយោគបរទេស មកបោះទុននៅក្នុងស្រុកយើង និងបង្កើតកម្មវិធីជួបជុំអ្នកវិនិយោគក្នុងស្រុក ដើម្បីឲ្យគាត់ពង្រីកច្រវាក់ផលិតកម្មបន្ថែម។
បើតាមអ្នកឧកញ៉ា លី ឃុនថៃ មកដល់ពេលនេះ យ៉ាងហោចណាស់មាន ៨០រោងចក្រ កំពុងដំណើរការផលិតស្បែកជើងនៅកម្ពុជា។
បន្ថែមលើនេះ លោក នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលររួមរបស់មាគមស្បែកជើងកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្កើតនូវការងារបន្ថែមជូនប្រជាពលរដ្ឋ និងចូលរួមជំរុញកំនើនសេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កាលពីឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន៥% និងត្រូវបានព្យាករថា នឹងកើនឡើងក្នុងរង្វង់ ៦% នៅឆ្នាំ២០២៤នេះ។ ក្នុងនោះ វិស័យសំខាន់ៗដែលគាំទ្រកំណើនរួមមាន វិស័យកសិកម្ម វិស័យសេវាកម្ម និងវិស័យឧស្សាហកម្ម ជាពិសេសវិស័យកាត់ដេរនេះតែម្តង។ បើរាប់គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានកើនឡើងប្រមាណ ៩,៤% ក្នុងទំហំទឹកប្រាក់ប្រមាណ ៥២ ពាន់លានដុល្លារ ហើយការនាំចេញ មានកំណើន១២% ក្នុងទំហំប្រមាណ ២៥ ពាន់លានដុល្លារ ទៅកាន់១៧០ប្រទេសនៅតាមតំបន់នានាទូទាំងពិភពលោក។
លោកបានបន្តថា អ្វីដែលជាការគួរឱ្យកត់សម្គាល់ វិស័យកម្មន្តសាល ដែលមានរួមទាំងការផលិតផលិតផលស្បែកជើងដែលនោះ បានបង្ហាញពីភាពខ្លាំងរបស់ខ្លួនដោយទទួលបាននូវកំណើនប្រមាណ ២០% ស្មើនឹងទំហំទឹកប្រាក់ប្រមាណ ១៥,៦ ពាន់លានដុល្លារ។ តួលេខនេះ បានបង្ហាញពីការរីកចម្រើនក្នុងវិស័យផលិតស្បែកជើងនៅកម្ពុជា ដែលលោកបានលើកទឹកចិត្តឱ្យអ្នកវិនិយោគពីប្រទេសនានា មកបន្តបោះទុនវិនិយោគបន្ថែមនៅកម្ពុជាដើម្បីចាប់យកឱកាស និងអត្ថប្រយោជន៍នានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ជូនតាមរយៈច្បាប់វិនិយោគថ្មី ដែលទើបនឹងអនុម័តដាក់ឱ្យអនុវត្តនាឆ្នាំកន្លងទៅ។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានចូលរួមចែករំលែកអំពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ដោយនៅឆ្នាំ២០២៣ ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា បានឈានដល់ ៤៨,៤ប៊ីលានដុល្លារអាមេរិក ដោយបានកើនឡើង ៧,៩% ធៀបទៅនឹងឆ្នាំមុន ដែលកំណើននេះ បានមកដោយសារបរិយាកាសអំណោយផលនៃការវិនិយោគ គោលនយោបាយលើកទឹកចិត្តដល់ការវិនិយោគថ្មីៗ ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីខ្នាតធំរវាងកម្ពុជានិងដៃគូពាណិជ្ជកម្មជាយុទ្ធសាស្រ្តជាច្រើន ដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ ប្រទេសកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី១ ក្នុងឆ្នាំ២០២៤ សម្រាប់ប្រទេសមានកំណើនផលិតផលក្នុងស្រុកខ្លាំង និងថេរ អត្រាអតិផរណាទាប និងកំណើនយ៉ាងឆាប់រហ័សក្នុងវិស័យវិនិយោគផ្ទាល់ពីបរទេស។
សូមជម្រាបថា របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទឹកប្រាក់ជាង ១៩,៨៣ ប៊ីលានដុល្លារពីការនាំទំនិញចេញទៅក្រៅប្រទេស កើនឡើង១៧% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ប៊ីលានដុល្លារ ចំណែកការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ប៊ីលានដុល្លារ កើនឡើង១៥,៩% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។
ជាមួយគ្នានេះ កម្ពុជាទទួលបានចំណូលជាង ៧,៦ ប៊ីលានដុល្លារអាមេរិក ពីការនាំចេញទំនិញទៅកាន់ទីផ្សារអាមេរិក ពោលគឺអាម៉េរិកនៅតែជាប្រទេសនាំមុខគេ ដែលទទួលទិញទំនិញពីកម្ពុជា គឺចំនួនជិត ១ ភាគ ៣ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា៕