(ភ្នំពេញ)៖ ក្រុមជនសង្ស័យដែលតែងធ្វើសកម្មភាពគាស់ទ្វាររថយន្ដ លួចយកសម្ភារមានតម្លៃក្នុងភូមិសាស្ដ្រខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបជាបន្ដបន្ទាប់ចំនួន៣នាក់។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវបង្រ្កាបអំពីករណីអំពើលួច (លួចយកកាបូប និងទូរស័ព្ទដៃពីក្នុងរថយន្ត) នៅចំណុចមុខផ្ទះលើដងផ្លូវ១៩៦២ ភូមិក្រាំងអង្ក្រាង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។

ក្នុងសមត្ថកិច្ចឃាត់ខ្លួនបាន ជនសង្ស័យឈ្មោះ យិន តឿ អាយុ៤៧ឆ្នាំ និងវត្ថុតាងចាប់យករថយន្តម៉ាក Toyota prius ចំនួន០១គ្រឿង និងទូរស័ព្ទដៃ ចំនួន០៦គ្រឿង។

ដោយឡែកមួយករណីទៀត កើតឡើងកាលពីវេលាម៉ោង១២៖២០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធីសែនជ័យ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងនោះរួមមាន ឈ្មោះ ឃិត ធា អាយុ៤៧ឆ្នាំ និងឈ្មោះ ឆូយ សុផល អាយុ៤២ឆ្នាំ។ បច្ចុប្បន្ន ករិយាល័យកំពុងធ្វើការសាកសួរតាមនីតិវិធី៕