(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ អង្គការសុខភាពពិភពលោក ព្រមទាំងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤នេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួម កិច្ចប្រជុំលើកទី ៧៥ របស់អង្គការសុខភាពពិភពលោក សម្រាប់តំន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។

កិច្ចប្រជុំគណៈកម្មការតំបន់ របស់អង្គការសុខភាពពិភពលោក សម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច គឺជាវេទិកាថ្នាក់តំបន់មួយ ដែលរៀបចំឡើងទៀងទាត់ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឬតំណាងរដ្ឋសមាជិក និងដែនដី ចំនួន ៣៧ប្រទេស/ដែនដី ដើម្បីរៀបចំគោលនយោបាយ ត្រួតពិនិត្យកម្មវិធី/គម្រោងនានាក្នុងតំបន់ របាយការណ៍វឌ្ឍនភាព ពិចារណាកែសម្រួល និងអនុម័តគំនិតផ្តួចផ្តើមថ្មីៗ។

លើសពីនេះ កិច្ចប្រជុំធ្វើឡើងដើម្បីស្វែងរក និងអនុម័តដំណោះស្រាយបញ្ហានានា ពិនិត្យ និងរៀបចំសេចក្ដីសម្រេច ដើម្បីផ្ដល់ការណែនាំការងារ ទៅការិយាល័យថ្នាក់តំបន់ និងការិយាល័យប្រចាំប្រទេសសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងអញ្ជើញធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗ មួយចំនួនស្តីពី លទ្ធផលសម្រេចបានក្នុងវិស័យសុខាភិបាលរបស់កម្ពុជា និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។

នៅក្នុងឱកាសបេសកកម្ម ចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ខាងលើនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចុះហត្ថលេខាលើ យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨ ជាមួយលោកវេជ្ជបណ្ឌិត សាយអា ម៉ាអួ ព្យួកាឡា នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។

យុទ្ធសាស្រ្តនេះកំណត់អំពីចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជានៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ក៏ដូចជារួមចំណែកឈានទៅសម្រេច យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព៖ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០៣៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០៕