Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យោធាកូរ៉េខាងត្បូង គ្រោងទិញទីលានកូនហ្គោលមួយ តម្លៃជាង៩០លានដុល្លារ ទុកពង្រាយប្រព័ន្ធមីស៊ីល THAAD ដោយមិនបាច់ត្រូវការអនុម័តពីសភា

06-10-2016 18:02

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា គំរោងទិញយកទីលាន វាយកូនហ្គោល មួយកន្លែងសម្រាប់តម្លើងប្រព័ន្ធខែលការពារមីស៊ីល THAAD មិនចំាបាច់តម្រូវឱ្យមាន ការអនុម័តពីសភានោះឡើយ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី៦ ខែ តុលា ឆ្នាំ២០១៦។ 

មន្ត្រីក្រសួងការពារជាតិមួយរូប បានឱ្យដឹងថា គំរោងដាក់ពង្រាយ THAAD  នៅឯភាគខាងជើង តំបន់ Seongju នឹងត្រូវអនុវត្តនៅក្នុងក្របខណ្ឌដែលមានស្រាប់ នៃកិច្ចព្រមព្រៀង SOFA ដែលត្រូវបាន ចុះហត្ថាលេខារវាងទីក្រុង សេអ៊ូល និងទីក្រុង វ៉ាស៊ីនតោន និង អនុម័តរួចហើយដោយសភាជាតិ ដូច្នេះមិនចំាបាច់តម្រូវឱ្យមាន ការយល់ព្រមបន្ថែមពីសភានោះទេ។ ការលើកឡើងបែប​នេះរបស់មន្ត្រីក្រសួងការពារជាតិ ធ្វើឡើងនៅបន្ទាប់ពីគណបក្សប្រឆាំង បានស្នើឱ្យ រដ្ឋាភិបាលទុកពេលឱ្យសភាត្រួតពិនិត្យជាមុនសិន មុននឹងឈានដល់ការទិញយកទីលានវាយកូនហ្គោល Lotte Skyhill Country Club ក្នុងតម្លៃដល់ទៅ ជាង១០០ ពាន់លានវ៉ុន ឬស្មើនឹង ៩០លានដុល្លារ។

ប៉ុន្តែជាមួយគ្នានោះដែរ ប្រជាជននៅក្នុងតំបន់បាននំាគ្នា ជំទាស់នឹងគ្រោងនេះ ព្រោះខ្លាចក្រែងប្រព័ន្ធ រ៉ាដា THAAD​ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគេ បើទោះជា រដ្ឋាភិបាលធ្លាប់អះអាង​ជាច្រើនដង រួចហើយថា ប្រព័ន្ធរ៉ាដា AN/TPY-2 របស់ THAAD​ នឹងមិនបង្កគ្រោះ ថ្នាក់ចំពោះសុខភាពក៏ដោយ។

គួររំលឹកថា កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចយកទីលានវាយកូន ហ្គោល Lotte Skyhill Country Club ស្ថិតនៅភាគខាងជើងតំបន់ Seongju និង មានចំងាយ ២៩០គីឡូម៉ែត្រ ពីភាគអាគ្នយ៍ទីក្រុង សេអ៊ូល ជាទីតំាងតម្លើងប្រព័ន្ធមីស៊ីល THAAD យ៉ាងយូរនៅចុងឆ្នាំ២០១៧ ខាងមុខនេះ៕