(ស៊ីរី)៖ ក្រុមអ្នកអង្កេតការសិទ្ធិមនុស្សស៊ីរី បានឱ្យដឹងថា ក្រុមអ្នកប្រយុទ្ធនៃក្រុមឧទ្ទាមគំាទ្រដោយ រដ្ឋាភិបាលតួកគី យ៉ាងហោចណាស់ ៤០នាក់ បានស្លាប់នៅក្នុងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក នៅក្បែរតំបន់ព្រំដែន តួកគី- ស៊ីរី។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ ២០១៦។
ការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅក្នុងតំបន់ Atmeh ស្ថិតនៅភាគខាងលិច ទីក្រុង អាឡេប៉ូ ហើយបើតាមរូបភាពនៅលើបណ្ដាញទំនាក់ទំនងសង្គម គេឃើញសាកសពមនុស្ស ប្រឡាក់ឈាមដេករប៉ាត់រប៉ាយពេញផ្លូវ ហើយបន្ទាប់មកប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រុម ISIS បានចេញមុខអះអាងថា ជាទង្វើរបស់ខ្លួន។
គួរបញ្ជាក់ថា ក្រុមអ្នកប្រយុទ្ធដែលស្លាប់បាត់បង់ជីវិត គឺជាសមាជិកនៃក្រុមឧទ្ទាម Failaq al-Sham គំាទ្រដោយរដ្ឋាភិបាលតួកគី ក្នុងការប្រយុទ្ធប្រឆាំងនឹង ក្រុម ISIS នៅតាមបណ្ដោយព្រំដែន ជាមួយនឹងស៊ីរី។ សម្រាប់តំបន់ Atmeh គឺផ្លូវភ្ជាប់មួយដ៏សំខាន់រវាងខេត្ត អ៊ីដលីប កាត់តាមប្រទេសតួកគី ឆ្ពោះទៅកាន់ទីក្រុង អាឡេប៉ូ ជាទីដែលក្រុមឧទ្ទាម Failaq al-Sham កំពុងធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងក្រុម ISIS៕