(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ អញ្ជើញដល់ប្រទេសឥណ្ឌូនេស៊ីភ្លាម នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Mohd Jusuf Kalla អតីតអនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអង្គការ​អ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្នុងឱកាសនៃជំនួប សម្ដេចមហាបវរធិបតីបានសម្ដែងក្ដីសោមនស្សរីករាយដែលបានជួប​ពិភាក្សា​ការងារជាមួយលោកប្រធានអង្គការ CAPDI ព្រមទាំងបាននាំយកការផ្ដាំផ្ញើការ​សួរសុខទុក្ខពី​សំណាក់​​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលជាមិត្តចាស់របស់លោកជាយូរណាស់មកហើយនោះ។ សម្ដេចបវរធិបតីបានអញ្ជើញ លោកប្រធានអង្គការ ចូលរួមក្នុង «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តា​គណបក្សនយោបាយនៅអាស៊ី ICAPP» នៅខែវិច្ឆិកា ខាងមុខនេះ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះ។

សម្តេចមហាបវរធិបតី ក៏បានអញ្ជើញលោកចូលរួមរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ស្របពេលដំណាលគ្នានៃសន្និសីទ្ធនេះផងដែរ។ ទន្ទឹមនឹងនោះ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ជូនលោកប្រធានអង្គការ CAPDI អំពីតួនាទីដ៏មានសារៈសំខាន់ និងមិនអាចកាត់ថ្លៃបានរបស់ឥណ្ឌូនេស៊ី ក្នុងការស្វែងរកសុខសន្ដិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា នៅក្នុងទសវត្សឆ្នាំ១៩៨០ និង១៩៩០។

សម្ដេចបវរធិបតី និងលោកប្រធានអង្គការ CAPDI មានសុទិដ្ឋិនិយមចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌូនេស៊ី និងបានពិភាក្សាអំពីការជំរុញ និងបង្កើតឱ្យមានយន្តការទំនាក់ទំនងនៅគ្រប់កម្រិត គ្រប់វិស័យ ទាំងក្នុងក្របខ័ណ្ឌផ្លូវការ និងក្រៅផ្លូវការ, ក្របខ័ណ្ឌរដ្ឋាភិបាល និងរដ្ឋាភិបាល, វិស័យឯកជន និងវិស័យឯកជន, គណបក្សនិងគណបក្ស ដែលនេះជាកត្តារួមចំណែកដល់ភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចបវរធិបតី និងលោកប្រធានអង្គការ CAPDI ក៏បានពិភាក្សាអំពីការជំរុញការតភ្ជាប់ប្រទេសទាំងពីរ តាមរយៈទំនាក់ទំនងរវាងវិនិយោគិន និងវិនិយោគិន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការជំរុញវិស័យទេសចរណ៍ ពិសេសការជំរុញការតភ្ជាប់ឱ្យកាន់តែប្រសើរ និងសម្បូរណ៍បែប ពីគោលដៅទេសចរណ៍សំខាន់ៗរវាងកម្ពុជា និងឥណ្ឌូនេស៊ី។ បន្ថែមលើនោះ សម្តេចបវរធិបតី និងលោកប្រធាន CAPDI ក៏បានផ្លាស់ប្ដូរទស្សនទានអំពីបញ្ហាតំបន់ និងអន្តរជាតិ ដោយផ្ដោតលើ ការកសាងសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ សំដៅធានាបាននូវការអភិវឌ្ឍរីកចម្រើន និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

https://image.freshnewsasia.com/2021//fn-2024-10-19-22-00-39-1.JPG https://image.freshnewsasia.com/2021//fn-2024-10-19-22-00-46-0.JPG https://image.freshnewsasia.com/2021//fn-2024-10-19-22-00-48-1.JPG https://image.freshnewsasia.com/2021//fn-2024-10-19-22-00-49-2.JPG https://image.freshnewsasia.com/2021//fn-2024-10-19-22-00-51-3.JPG