(សៀមរាប)៖ តាមរបាយការណ៍ដែលអង្គភាព Fresh News ទទួលបានពីស្ថាប័នគ្រឹះស្ថានអង្គរ នៅថ្ងៃនេះបានឲ្យដឹងថា៖ ភ្ញៀវអន្តរជាតិ ដែលបានមកទស្សនារមណីយដ្ឋានអង្គរ ក្នុងខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ គឺភ្ញៀវជនជាតិចិន មានចំនួន ៤៧,១៤១នាក់, ភ្ញៀវកូរ៉េខាងត្បូង មានចំនួន ១២,៧៥៤នាក់, ជប៉ុន១០,៨៧៤នាក់, និងអាមេរិក មានចំនួន ៦,៣០៣នាក់ ក្នុងចំណោមអត្រាភ្ញៀវទេសចរ ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សម្រាប់ខែកញ្ញា ឆ្នាំ២០១៦ មានចំនួន ១៣០,៨៥៦នាក់ ។
ក្នុងនោះក៏មានភ្ញៀវជនជាតិអូស្រ្តាលី ឈរនៅលំដាប់ទី៥ គឺចំនួន៦,២៣៩នាក់, ភ្ញៀវអង់គ្លេស មានចំនួន ៥,៨៥៦នាក់, ថៃ ៥,១៩៤នាក់, វៀតណាម ៤,៥៤៧នាក់, ម៉ាឡេស៊ី ៣,៥៥២នាក់, អេស្ប៉ាញ ៣,៣៤៩នាក់, អាឡឺម៉ង ៣,១៨៣នាក់, បារាំង ២,៦៣៧នាក់, ឥណ្ឌា ២,៣០៤នាក់, ហ្វីលីពីន ២,១៥១នាក់, និងភ្ញៀវជនជាតិរុស្ស៊ី ឈរលំដាប់ទី១៥ គឺមានចំនួន ១,៥៩១នាក់ នៃចំនួនភ្ញៀវទេសចរអន្តរជាតិទាំង១២៦ជាតិសាសន៍ ដែលតាមរបាយការណ៍ របស់ស្ថាប័នគ្រឹះស្ថានអង្គរ មានចំនួនសរុប ១៣០,៨៥៦នាក់ ក្នុងនោះមានយុវ័យ ចំនួន ៩០២នាក់ ។
សូមបញ្ជាក់ ថា ៖ សម្រាប់ភ្ញៀវអន្តរជាតិ ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សម្រាប់ខែកញ្ញា ឆ្នាំ២០១៦ មានចំនួន ១៣០,៨៥៦នាក់ បើធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ កើនឡើង៩.១ភាគរយ រីឯចំណូលមាន ៣,៦៤០,២៦០ដុល្លារ បើធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ កើនឡើង ៤.៧២ភាគរយ ។
ក្នុងសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ដែលបានផ្ដល់ជូនអង្គភាព Fresh News កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ បានបញ្ជាក់ថា «ភ្ញៀវទេសចរ ដែលបានទិញប័ណ្ណចូលមាន ១៣០,៨៥៦នាក់ បើប្រៀបធៀបនឹងខែកញ្ញា ឆ្នាំ២០១៥ កើនឡើង ៩.១ភាគរយ រីឯចំណូលមាន ៣,៦៤០,២៦០ដុល្លារ ប្រៀបធៀបនឹងខែកញ្ញា ឆ្នាំ២០១៥កើនឡើង ៤.៧២ភាគរយ»។
ជាមួយគ្នានេះដែរ គ្រឹះស្ថានអង្គរ ក៏បានឲ្យដឹង ក្នុងរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៦ ចំនួនភ្ញៀវទិញប័ណ្ឌចូលមាន ១,៥៦៣,១៧២នាក់ ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ កើនឡើង ២.៥៧ភាគរយ រីឯចំណូលវិញ មាន ៤៤,៤០៧,៩៤០ដុល្លារ ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥ កើនឡើង ២.៥៦ ភាគរយ៕