(ភ្នំពេញ)៖ ប្រតិភូនាវាយុវជនកម្ពុជាចំនួន១៦រូបនឹងចូលរួមជាមួយកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (SSEAYP) លើកទី៤៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ឥណ្ឌូណេស៊ី និងវៀតណាម។

មុននឹងចេញដំណើរនាពេលខាងមុខនោះ ប្រតិភូនាវាយុវជនកម្ពុជាបានរៀបចំកម្មវិធីបិទនៃការហ្វឹកហាត់ និងបណ្តុះបណ្តាល នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលម៉ានី (Kampus) ក្រោមអធិបតីភាពលោកស្រី ស្រូយ សុជាតិ អគ្គនាយិកានៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា។ ជាមួយគ្នានោះ ធនាគារវីងក៏បានគាំទ្រដល់ដំណើររៀបចំរបស់ប្រតិភូនាវាយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៨ ឆ្នាំ២០២៤ ក្នុងបេសកម្មកម្មលើកកម្ពស់សមត្ថភាពយុវជននៅកម្ពុជា។

កម្មវិធី SSEAYP ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៤។ ដោយទ្បែក កម្ពុជាបានចូលរួមជាផ្លូវការក្នុងឆ្នាំ២០០០ បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩។ រហូតមកទល់បច្ចុប្បន្ន ចំនួនយុវជនកម្ពុជាសរុបទាំងអស់ចំនួន៦៦៤នាក់ ដែលបានចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍។ ក្នុងឆ្នាំ២០២៤នេះ យុវជនកម្ពុជាចំនួន១៦នាក់ទៀត ដែលក្រសួងអប់រំ យុវជន និងកីទ្បាបានប្រកាសនិងប្រកួតប្រជែងជ្រើសរើស។

ប្រធានបទពិភាក្សាសម្រាប់កម្មវិធីនៅឆ្នាំ២០២៤នេះ ត្រូវបានជ្រើសរើសចេញពីផែនការអនុវត្តនៃសេចក្តីថ្លែងការណ៍ទស្សនវិស័យរួមស្តីពី «មិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដៃគូដែលជឿទុកចិត្ត» ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបលើកទី៥០ នៃមិត្តភាពនិងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ខែធ្នូ ឆ្នាំ២០២៣។ ប្រធានបទពិភាក្សារួមមាន៖ ១-អំណាចទន់៖ ការទូតយុវជន ២-កំណើនសេដ្ឋកិច្ច និងសហគមន៍ប្រកបដោយនិរន្តរភាព ៣-បរិស្ថានសកល និងការប្រែប្រួលអាកាសធាតុ ៤-ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការស្តារឡើងវិញ ៥-សុខភាពល្អ និងសុខុមាលភាព និង ៦-សង្គមឌីជីថល។

កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងបំផុស និងពង្រឹងមិត្ដភាព សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមករវាងយុវជនប្រទេសអាស៊ាន និងយុវជនប្រទេសជប៉ុន ហើយក៏ជាការពង្រីកនូវទស្សនវិស័យលើឆាកអន្ដរជាតិ និងដើម្បីបណ្ដុះបណ្ដាលគំនិតសហប្រតិបត្ដិការអន្ដរជាតិ ដោយបង្កឱ្យយុវជនទាំងនោះបានរស់នៅរួមគ្នាលើនាវា និងធ្វើទស្សនកិច្ចនៅតាមប្រទេស ដែលចូលរួមទាំងអស់ ក្នុងនោះមានការអនុញ្ញាតឱ្យយុវជនចូលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេស ការធ្វើទស្សនកិច្ចតាមស្ថាប័នជាតិ មរតកវប្បធម៌ និងផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមកជាមួយយុវជន នៃប្រទេសនីមួយៗនៅពេលដែលនាវាបានចូលចត។

លោក សុះ សលីហ៊ីន ប្រធានប្រតិភូយុវជនកម្ពុជា បានឱ្យដឹងថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី៤៨ គឺជាកម្មវិធីផ្លាស់ប្តូរជីវិត យុវជននឹងដើរតួនាទីលើសពីទូតសុច្ឆន្ទៈ ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាននិងជប៉ុន ប៉ុន្តែជាដំណាក់កាលមួយដែលអភិវឌ្ឍនសក្តានុពលសមត្ថភាពយុវជន ដល់ការផ្លាស់ប្តូរយុវជនទៅយុវជន បណ្តុះបណ្តាលទាំងផ្លូវកាយ និងផ្លូវចិត្ត។ លោកបានបន្ថែមថា «យុវជនគួរតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញពីវប្បធម៌ និងមោទនភាពជាតិរបស់ពួកគេ ហើយសំខាន់បំផុតគឺត្រូវរៀនបើកចិត្តឱ្យទូលាយ និងសហការគ្នាក្នុងតំបន់ ដើម្បីឱ្យមានសុខដុមរមនា និងវិបុលភាពសម្រាប់មនុស្សជំនាន់ក្រោយ»។

តំណាងប្រតិភូនាវាយុវជនកម្ពុជាទាំង១៥រូប នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី៤៨ បានចែករំលែកថា ការចូលរួមក្នុងកម្មវីធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន គឺជាក្តីសុបិនមួយរបស់ពួកយើង តំណាងប្រតិភូនាវាយុវជនកម្ពុជា សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ដៃគូឧបត្ថម្ភ តួយ៉ាងធនាគារវីងដែលបានគាំទ្រនិងអនុញ្ញាតឱ្យប្រតិភូនាវាយុវជនកម្ពុជា ទទួលបានបទពិសោធន៍ពិសេសក្នុងការតំណាងប្រទេសកម្ពុជា។ ប្រតិភូនាវាយុវជនកម្ពុជា បានថ្លែងអំណរគុណដល់សន្តិភាពនៅកម្ពុជា ដែលបង្កឱកាសឱ្យយុវជនបានចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរយុវជន និងជាឱកាសបង្ហាញពីមោទនភាពជាតិទៅមិត្តបរទេសដទៃទៀត៕

https://image.freshnewsasia.com/2021//fn-2024-10-19-20-49-15-1.JPG