(ភ្នំពេញ)៖ លោក អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះថា ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង កំពុងត្រៀមចូលរួមប្រជុំនៅរដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ។
លោក អេង ឆៃអ៊ាង បានថ្លែងថា «ជំហររបស់គណបក្ស យើងត្រៀមខ្លួនចូលរួម ប៉ុន្តែយើងរង់ចាំមើលស្ថានការណ៍ចុងក្រោយ ព្រោះយើងចេះតែទទួល បានព័ត៌មានអំពីការគំរាមកំហែងមកលើ គណបក្សសង្រ្គោះជាតិ ប៉ុន្តែបើសិនជាអត់មានការគំរាមកំហែងតំណាងរាស្រ្តយើង អត់មានការបំភិតបំភ័យទេ យើងនឹងចូលរួម។ នៅថ្ងៃសុក្រស្អែកនេះ យើងនឹងជួបជុំជាមួយ អ្នកតំណាងរាស្រ្តរបស់យើង នៅមុនម៉ោង៧៖៣០ព្រឹក»។
នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ រដ្ឋសភានឹងបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៥ ដោយមានការពិភាក្សានិងអនុម័តលើរបៀបវារៈចំនួនដូចជា សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញាបើកចំហរសេវាហិរញ្ញវត្ថុ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តិពីសេវា។ ការពិនិត្យសេចក្តីព្រាងគម្រោង ថវិការដ្ឋសភាប្រចាំឆ្នាំ២០១៧។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូក៣។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការបង្កើត និងការអនុវត្តបញ្ជរតែមួយអាស៊ាន ពិធីសារស្តីពីការបង្កើតនិងការអនុវត្តបញ្ជរតែមួយអាស៊ាន និងពិធីសារស្តីពីក្របខ័ណ្ឌច្បាប់ សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ានជាដើម។
គណបក្សប្រឆាំងបានរំពឹងថា ក្រោយពេលចូលរួមប្រជុំសភាពេញអង្គរួចនោះ គណបក្សទាំងពីរនឹងអាចមានចរចា ណាមួយក្នុងក្របខណ្ឌនយោបាយ។ ប៉ុន្តែមន្រ្តីគណបក្សកាន់អំណាច ហាក់ពុំបានភ្ញាក់ផ្អើលនឹងការចូលរួមប្រជុំក្នុងសភា របស់គណបក្សប្រឆាំងឡើយ៕