(ភ្នំពេញ)៖ នយោបាយប្រជាភិថុតិ ដែលចង់នាំប្រទេសដែលមានសន្តិភាពឱ្យធ្លាក់ចូលក្នុងឧបាយកល សង្គ្រាមស៊ីវិលសាជាថ្មី បាននាំឱ្យមនុស្សជំនិតរបស់ទណ្ឌិត សម រង្ស៊ី ដើរចេញជាបន្តបន្ទាប់។ អតីតសកម្មជនម្នាក់ឈ្មោះ ហៃ វណ្ណា ដែលរស់នៅក្នុងប្រទេសជប៉ុន បានប្រកាសផ្តាច់ខ្លួនចេញពី សម រង្ស៊ី នៅក្នុងសប្តាហ៍នេះហើយ ក្រោយការមើលឃើញថានយោបាយរបស់ សម រង្ស៊ី គ្មានអ្វីក្រៅតែពីការនាំប្រទេសកម្ពុជាដែលមានសន្តិភាព ឱ្យធ្លាក់ចូលក្នុងឧបាយកលសង្គ្រាមវិញតែប៉ុណ្ណោះ។ សូមទស្សនាបទអត្ថាធិប្បាយរបស់ Fresh Exclusive…

២៦ឆ្នាំកន្លងមកនេះ គ្រាដែលអ្នកដឹកនាំរាជរដ្ឋាភិបាលកាច់ចង្កូតដឹកនាំប្រទេស បានប្រឹងប្រែងយ៉ាងខ្លាំងក្លាដើម្បីនាំប្រទេសដែលអស់សង្គ្រាម ឈានចេញពីភាពក្រីក្រ ស្វែងរកសុភមង្គលថ្មី សុខសាន្តសម្រាប់ប្រជាជនរបស់ខ្លួនឯងនោះ គេឮសូរតែការនិយាយដាក់បណ្តាសាររបស់មនុស្សមួយក្តាប់តូច ដែលជាក្រុមជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះតែប៉ុណ្ណោះ។ ដូច្នេះបើមានអ្នកណាម្នាក់សួរអំពីស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា តាមរយៈប្រភពរបស់ក្រុម ជ្រុលនិយមទាំងនោះ គឺច្បាស់ណាស់ ដែលក្រុមទាំងនេះ មិនដែលមើលឃើញជ្រុងល្អណាមួយ ដែលធ្លាប់បានកើតឡើងដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នឡើយ។

ក្រុមជ្រុលនិយមនោះ សម្លឹងឃើញតែភាពអាក្រក់, ប្រឌិតតែរឿងមិនល្អ និងទម្លាក់កំហុសដាក់ មកលើជាតិសាសន៍ខ្មែររបស់ខ្លួន ដែលគម្រោងដ៏អាក្រក់ទាំងអស់របស់ពួកគេ គឺ ញុះញង់ ចង់នាំកម្ពុជាដែលកំពុងមានសន្តិភាព ឈានទៅរកសង្គ្រាមសាឡើងវិញតែប៉ុណ្ណោះ។ ក្រុមជ្រុលនិយមទាំងនោះ គ្មានដឹងអ្វី ក្រៅពីការសរសេរលាបពណ៌និងបង្កើតព័ត៌មានមិនពិត មិនចេះចប់ ពីមួយថ្ងៃទៅមួយថ្ងៃឡើយ។

បើពិនិត្យតាមការបង្ហោះលើបណ្តាញសង្គម ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជ្រុលនិយមទាំងនេះគ្មានអ្វីសរសេរ ក្រៅតែពីការលាបពណ៌ចោទថា ខ្មែរក្នុងស្រុក គឺជាជនជាតិវៀតណាម, លេសនៃនយោបាយលាបពណ៌និងប្រជាភិថុតិតែដដែលៗ ដូចជាការចោទថាមេដឹកនាំខ្មែរកាត់ទឹក ដីឱ្យវៀតណាម តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ព្រំដែន CLV-DTA, នយោបាយចោទអំពីការបំពានសិទ្ធិមនុស្ស បំពានសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យជាដើម ខណៈដែលមានចំណាត់ការដ៏ម៉ឺងម៉ាត់របស់អាជ្ញាធរបានធ្វើឡើងប្រឆាំងមនុស្សដែលបំពាននឹងច្បាប់កំពូល នៃរដ្ឋធម្មនុញ្ញរបស់ជាតិ ដូចជាការប្រើសម្តីប្រមាថព្រះមហាក្សត្រជាទីគោរពសក្ការៈ ការផ្សាយព័ត៌មានមិនពិតក្នុងទង្វើចង់ញុះញង់នោះជាដើម។

ក្រុមជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី នេះទៀតខណៈពេលដែលរាជរដ្ឋាភិបាល បានប្រកាសថា នៅក្នុងឆ្នាំ២០២៩ កម្ពុជានឹងក្លាយជាប្រទេសចេញផុតពីរង្វង់ប្រទេសអភិវឌ្ឍន៍តិចតួច Least Developed Countries នោះ ពួកក្រុមជ្រុលនិយមមួយក្តាប់តួចទាំងនោះ មិនត្រឹមតែមិនជួយអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែពួកគេបែរជានិយាយ ចំអកក្នុងន័យចង់បង្អាប់កិត្តិយស និងកិច្ចប្រឹងប្រែងរបស់ជាតិសាសន៍ខ្មែរខ្លួនឯងថែមទៀត។

ក្នុងសារបង្ហោះតាមបណ្តាញសង្គម ក្រុមជ្រុលនិយមទាំងនេះសរសេរថា កម្ពុជានឹងត្រូវដកចេញពីប្រទេសក្រីក្រហើយ…ប៉ុន្តែពិភពលោកអាចនឹងរៀបចំចំណាត់ថ្នាក់បីទៀត គឺចំណាត់ថ្នាក់ប្រទេសរហាម ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍។ នេះគឺជាសំណេរដែលបង្ហាញ ការចង់ដាក់បណ្តាសារមកលើជាតិសាសន៍ខ្មែររបស់ខ្លួន ដោយមិនចង់ឱ្យកម្ពុជានិងជាតិសាសន៍ខ្មែរ បានរីកចម្រើនឡើយ។

តាមពិតទៅ ក្រុមជ្រុលនិយមទាំងនេះ មិនដែលបានតាមដានព័ត៌មានពិភពលោក ដែលតែធ្វើបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយទូទៅតាមប្រទេសនីមួយៗនោះឡើយ ហេតុដូច្នេះហើយជាជាក្រុមនេះ នៅតែនិយាយបង្អាប់ជាតិសាសន៍ខ្មែររបស់ខ្លួន ជាពិសេសកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្តេជ្ញានាំប្រទេសដើរចេញពីភាពក្រីក្រនោះ។

យោងតាមរបាយការណ៍អង្គការ UNDP ក្នុងសប្តាហ៍នេះ សន្ទស្សន៍ភាពក្រីក្រពហុសមាសភាពសកល Global Multidimension Poverty Index ដែលប្រមូលទិន្នន័យពីប្រទេសចំនួន១១២ នៅលើសកលលោក បានបង្ហាញថា ក្នុងចំណោមប្រជាជនសរុប ៦,៣០០លាននាក់ មានប្រមាណ១,១០០លាននាក់ ដែលក្រីក្រ និងក្នុងនោះប្រមាណ៤៥៥លាននាក់ រស់នៅក្រោមស្រមោលនៃជម្លោះ។ នៅក្នុងតួលេខនៃប្រជាជនសារុបក្រីក្រទាំងនោះ មិនមានឈ្មោះប្រទេសកម្ពុជាឡើយ ពីព្រោះកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកាច់ចង្កូតដោយគណបក្សប្រជាជនកម្ពុជា រយៈពេល២៦ឆ្នាំ ក្រោយសង្គ្រាមបានបញ្ចប់មក បានប្រឹងប្រែងជាខ្លាំងណាស់ ដើម្បីនាំនាវាកម្ពុជាធ្វើដំណើរឈានរកត្រើយសុភមង្គល។

ទោះជាយ៉ាងណាក៏ដោយ ក្រុមជ្រុលនិយមទាំងនោះ មិនដែលកោតសរសើរអំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នឡើយ។ លើសពីនោះ មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ថែមទាំងនិយាយចំអកថា អនាគតដឹកនាំប្រទេសក្រោមការកាច់ចង្កូតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងនាំប្រទេសជាតិធ្លាក់ក្នុងជ្រោះថែមទៀត។ ប៉ុន្តែការពិតបានបង្ហាញថា គឺក្រោមការកាច់ចង្កូតរបស់ សម រង្ស៊ី ខ្លួនឯងនោះទៅវិញទេ ដែលនាំឱ្យបក្ខពួកធ្លាក់កាន់តែជ្រៅក្នុងជ្រោះអវចីនោះ។ ពេលនេះ មនុស្សមួយចំនួនដែលធ្លាប់តែជឿលង់លើឧបាយកលបោកប្រាស់ សម រង្ស៊ី បានដកខ្លួនថយចេញពីមេខ្លោងក្រុមជ្រុលនិយមរូបនោះហើយ ដូចជាបុគ្គលឈ្មោះ ហៃ វណ្ណា រស់នៅក្នុងប្រទេសជប៉ុននោះជាដើម។

បុគ្គល ហៃ វណ្ណា ក្នុងសារវីដេអូមួយរបស់ខ្លួន ក្នុងសប្តាហ៍នេះ បានសំពះសុំទោសដល់ប្រមុខ ដឹកនាំនៃប្រទេសកម្ពុជា និងសុំទោសដល់ពលរដ្ឋខ្មែរដោយសារតែការជឿលង់លើឧបាយកល សម រង្ស៊ី ក្នុងការចង់បង្កើតព្រឹត្តិការណ៍បះបោរប្រឆាំងទូទាំងប្រទេសថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤។ បុគ្គល ហៃ វណ្ណា បានហៅ សម រង្ស៊ី ជាមេខ្លោងក្រុមជ្រុលនិយម និងអំពាវនាវដល់យុវជនដទៃទៀត ត្រូវប្រញាប់ដកខ្លួនចេញពី សម រង្ស៊ី និងចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានទិសដៅពិតប្រាកដ ក្នុងការនាំនាវាកម្ពុជាឈានទៅត្រើយសុភមង្គល ជាពិសេសការសម្រេចនូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ដូច្នេះគឺ សម រង្ស៊ី ខ្លួនឯងនោះទៅវិញទេ ដែលត្រូវដឹងថា តាមរយៈការកាច់ចង្កូតនៃនយោបាយប្រជាភិថុតិ និងសម្តីលាបពណ៌ចោទប្រកាន់ដាក់មកលើប្រមុខដឹកនាំនៃប្រទេសកម្ពុជា និងការនិយាយអាក្រក់អំពីជាតិសាសន៍ខ្លួនឯង នោះទៅវិញទេ ដែលបាបកម្មបាននិងកំពុងសងវិលត្រឡប់មកវិញ។ នាពេលនេះមនុស្ស ដែលធ្លាប់ជឿនិងលង់លើឧបាយកលទុច្ចរិតចង់នាំកម្ពុជាដែលមានសន្តិភាព ឱ្យធ្លាក់ចូលក្នុង សង្គ្រាមសាឡើងវិញនោះ ត្រូវបានគេដកខ្លួនម្តងម្នាក់ៗចេញពីរង្វង់ក្រុមជ្រុលនិយមរបស់ខ្លួនឯងអស់ហើយ និងនៅទីបំផុត សម រង្ស៊ី គង់តែនៅសល់តែម្នាក់ឯងចុងក្រោយបំផុត ដែលគ្មានអ្នកណានឹងដើរតាមទៀតឡើយ។

យើងពិនិត្យមើលគំនូរនៃក្រាហ្វិកមួយខាងក្រោមនេះ ដែលបង្ហោះតាមបណ្តាញសង្គម។ គំនូរនៃក្រាហ្វិកនេះបង្ហាញថា បច្ចុប្បន្នក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងសន្តិភាព មានផែនការពីរ បានលេចចេញ ដើម្បីឱ្យប្រជាជនកម្ពុជាជ្រើសរើស។ ផែនការមួយ គឺជាផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងមានទិសដៅនាំប្រទេសឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ចំណែកផែនការមួយទៀត ដែលដើរបញ្ច្រាសទិស គឺជាផែនការរបស់ក្រុមជ្រុលនិយមដែលនាំកម្ពុជាឈានទៅរកសង្គ្រាម។ តាមរយៈផែនការសង្គ្រាមនោះ ក្រុមជ្រុលនិយម បានដាក់ទិសប្រឌិតព័ត៌មាន ដើម្បីបង្កើតលេស ការប្រើនយោបាយប្រជាភិថុតិចោទរឿងយួនលេបទឹកដីខ្មែរ ការចោទ ប្រកាន់នូវលេសបំពានសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ និងលេសចោទប្រកាន់អំពើពុករលួយ ជាដើម។

ដូច្នេះតើពលរដ្ឋខ្មែរ គួរជ្រើសរើសយកផែនការមួយណាក្នុងចំណោមផែនការទាំង២នេះ?