(កណ្តាល)៖ រយៈពេល២ថ្ងៃ នៃពិធីអុំទូកនៅខេត្តកណ្ដាល ដែលបានចាប់ផ្ដើមនៅថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ ឃើញថាពលរដ្ឋសម្រុកមកពីគ្រប់ទិសទីមកលេងកម្សាន្តសប្បាយរីករាយនៅក្រុងតាខ្មៅ យ៉ាងអធិកអធមជាង១៨ម៉ឺននាក់ឯណោះ ជាមួយនឹងស្នាមញញឹម សប្បាយរីករាយ ពេញដោយក្ដីសុខ ក្រោមម្លប់សន្តិភាពនៃយើង។
លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអនុប្រធានអនុគណៈកម្មការព័ត៌មាន និងសោទស្សន៍នៃពិធីរៀបចំបុណ្យអុំទូកបានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២៤។
បរិយាកាសដ៏មហោឡារឹកនេះ អ្នកសារព័ត៌មានយើងមើលឃើញពីភាពកន្ត្រាក់អារម្មណ៍ នៃការស្រែកហ៊ោរកញ្រ្ជៀវពីសំណាក់អ្នកមកទស្សនាការប្រណាំងទូកយ៉ាងមងរំពង ដោយសារឃើញពីការប្រទាញប្រទង់គ្នាប្រជែងគ្នា នៃល្បឿនរបស់ទូកប្រណាំង ញ៉ាំងឲ្យអ្នកគាំទ្រស្រែក ហ៊ោរកញ្រៀវ គោះស្គរ ទះដៃ សើចសប្បាយក្អាកក្អាយ ខ្លះឌឺដងផ្លែផ្កាគ្នាលេងសើចជាមួយនឹងសំណើចថា ទូកស្រុកអញឈ្នះហើយៗៗ ជយោៗៗៗ ជាដើម ដែលទិដ្ឋភាពនេះ មិនមែនចេះតែអាចកើតបានដោយគ្មានម្លប់សន្តិភាពនោះទេ ពោលគឺនេះហើយជាតឹកតាង សបញ្ជាក់ឲ្យឃើញពីគុណតម្លៃដ៏មហាសាលនៃសន្តិភាព ដែលរកបានមកដោយលំបាកលំបិនបំផុត។
ស្ថិតនៅគ្រាសំណេះសំណាលជាមួយកីឡាករចំណុះទូកទាំងអស់ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ភិរុណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល ក្រុមកីឡាករចំណុះទូកបានមកជួបជុំនៅពីមុខវេទិការកិត្តិយសដើម្បីមកយកពានរង្វាន់ ប្រាក់រង្វាន់ ពីគណៈអធិបតីដែលរាប់ចាប់ពីលេខ១ ដល់លេខ៣ និងអ្នកមិនជាប់លេខក៍ទទួលបានប្រាក់រង្វាន់ និងសម្ភារលើកទឹកចិត្តផងដែរ។
ក្រឡេកមើលប្រជាជនមកដើរលេងកម្សាន្តវិញ ហាក់ឃើញថា សប្បាយរីករាយណាស់ ខ្លះទិញម្ហូបអាហារពិសារ ខ្លះជាវវត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ ភេសជ្ជៈ និងពិសារអាហារឆ្ងាញ់ៗរាប់រយមុខ ជាមួយនឹងស្នូរសម្លេងតន្ត្រីកន្ត្រាក់ អារម្មណ៍ អង្រួនកក្រើកពេញក្រុងតាខ្មៅ២យប់២ថ្ងៃ ជាមួយនឹងការរក្សាសន្តិសុខ ពង្រាយ និងដើរល្បាតរបស់កងកម្លាំងជិត៨០០នាក់ ជាមួយនឹងការរៀបចំផែនសណ្ដាប់ធ្នាប់នានាជាច្រើនហូរហែរបានយ៉ាងល្អប្រសើរ។
ស្ថិតក្នុងឱកាសផ្ដល់ពានរង្វាន់ដល់ក្រុមកីឡាករចំណុះទូកជាប់ជ័យលាភី, លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងថា ពិតណាស់ អ្វីៗដែលយើងកំពុងជួបនេះ គឺបានមកពីគុណតម្លៃនៃសន្តិភាព ដូច្នេះយើងទាំងអស់គ្នា ត្រូវដឹងគុណមគ្គុទេសន៍ឯកដ៍ឆ្នើមបំផុត និងជាអ្នកប្រាជ្ញខ្មែរយើងគឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃយើងទាំងអស់គ្នា ដែលបានខិតខំដឹកនាំ កសាងប្រទេសជាតិយើងឲ្យមានការរីកចម្រើន រុងរឿង និងអភិវឌ្ឍន៍កាន់តែលឿនទៅមុខជាកំដាប់។
លោកបន្តថា ឆ្នាំក្រោយៗទៀត រដ្ឋបាលខេត្ត នឹងបន្តរៀបចំព្រឹត្តិការណ៍ប្រណាំងទូកនេះឲ្យកាន់តែល្អឡើង និងឱឡារឹក ដែលសក្ដិមនឹងប្រទេសកំពុងពេញលេញផ្អែមល្ហែមនឹងសន្តិភាព និងកំពុងរីកលូតលាស់ទៅមុខជាលំដាប់ ។ ការប្រណាំងទូកនាពេលនេះ គឺមិនគ្រាន់តែនាំមកនូវសុខភាពល្អ សាមគ្គីភាព មិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែវាបានរក្សានូវប្រពៃណី ទំនៀមទម្លាប់របស់បុព្វបុរសយើងមានតាំងពីយូរមកហើយ។ ការប្រឡងប្រណាំងមានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាព ឲ្យបានខ្លាំងក្លា ដើម្បីដណ្តើមជ័យលាភី ជូនមូលដ្ឋាន របស់ខ្លួន ឲ្យល្អបានប្រសើរបំផុត។
គួរបញ្ជាក់ថា ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន ៦៦ទូក ក្នុងនោះ៖ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។ ទូកចូលរួមប្រណាំងទាំងអស់ គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានី ភ្នំពេញចំនួន៣ទូក និងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូកសរុប ៣,៩៩៤នាក់។ ជាមួយគ្នានោះ លោកអភិបាលខេត្តកណ្តាល បានឧបត្ថម្ភអំណោយ ជាគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់បណ្តាទូក ដែលបានចូលរួមប្រណាំងផងដែរ។
សូមបញ្ជាក់ជូនថា ទូក ង រតនៈកុមារតេជោសែនជ័យ មកពីវត្តកែវកុមារនេត្រ សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ឈ្នះជើងឯកប្រចាំខេត្តកណ្តាល ក្នុងកម្មវិធីប្រណាំទូក ង នៅក្រុងតាខ្មៅ។
ចំណាត់ថ្នាក់ទូក ង ខ្នាតវែង ៖
១៖ រតនៈកុមារតេជោសែនជ័យ មកពីក្រុងអរិយក្សត្រ
២៖ សារាយតេជោសែនជ័យ មកពីស្រុកខ្សាច់កណ្ដាល
៣៖ ស្រីសសុខសែនជ័យ មកពីស្រុកមុខកំពូល ៕