(កំពង់ស្ពឺ)៖ នៅតាមមុខផ្សារ និងមុខរោងចក្រជាច្រើនកន្លែង តាមបណ្តោយផ្លូវជាតិលេខ៤ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កំពុងទទួលរងការបំផ្លាញបរិស្ថានយ៉ាងធ្ងន់ធ្ងរ ខណៈដែលសំរាមត្រូវបានគេបោះចោលពាសវាលពាសកាល។
ប្រជាពលរដ្ឋ បាននិយាយថា នៅតាមបណ្តាមុខរោងចក្រ គេមិនបានឃើញក្រុមហ៊ុន ឬរោងចក្រទាំងនោះ ដាក់ធុងសំរាមសម្រាប់បងប្អូនកម្មករ-កម្មារិនី សម្រាប់ចោលសំរាមនោះទេ គឺបណ្តែតបណ្តោយឲ្យមានការចោលសំរាមពាសវាលពាសកាល ក្នុងនោះគេបានសង្កេតឃើញមានសំរាមប្រភេទថង់ផ្លាស់ស្ទិច កំប៉ង់ជរ័ ចានបាយជ័រ។ល។ ដែលជារបស់មិនអាចរលាយភ្លាមៗ ជាហេតុធ្វើឲ្យបរិស្ថានកង្វក់យ៉ាងធ្ងន់ធ្ងរ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរចំណុចរោងចក្រមួយចំនួនបានលើកឡើងថា សំរាមទាំងនោះ នៅពេលមានខ្យល់ភ្លៀងម្តងៗ វាបានហើរហុយប៉ាតណាប៉ាណី គួចពេញផ្លូវបានបង្កឲ្យបាត់បង់អនាម័យយ៉ាងខ្លាំង ហើយបានធ្វើឲ្យមានការរំខានដល់ការលក់ដូរចំណីអាហាថែមទៀតផង។ ប្រជាពលរដ្ឋបានបញ្ជាក់ថា «សំរាមទាំងនេះ គឺបណ្តាលមពីការចោលរបស់បងប្អូនជាកម្មករ-កម្មការរិនីរោងចក្រ ទាំងនោះ ដែលរាល់ម៉ោងចេញមកហូបអាហាពេលថ្ងៃត្រង់ ហើយខាងរោងចក្រមិនមានធុងសំរាមដាក់ឲ្យពួកគាត់សម្រាប់ចោលទេ ដោយក្នុងម្នាក់ចោលសំរាមជាប្រភេទថង់ កែវ ចានជ័រ មិនក្រោមពី ៣ទៅ៤ ថង់ជាសំរាមឡើយ»។
បើតាមការលើកឡើងខាងលើ រោងចក្រនិមួយៗ ត្រូវគោរពច្បាប់ស្តីពីបរិស្ថាន ហើយកន្លងមកមន្រ្តីបរិស្ថាន ក៏បានធ្វើការអប់រំណែនាំដល់ រោងចក្រ សហគ្រាស ផ្សារ និងទីប្រជុំជននានាផងដែរ ហើយរាជរដ្ឋាភិបាលក៏ចេញនៅ អនុក្រឹត្យ (លេខ ១១៣ អនក្រ បក) ស្តីអំពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនក្នុងនោះមាត្រា៤២ បានចែងថា «បុគ្គលដែលបោះចោលសំរាម សំណល់រឹងទីប្រជុំជននៅលើទីសាធរណៈ តាមដងផ្លូវ ទីវាល ដីកម្មសិទ្ធិ ឬកន្លែងដែលរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌបានហាមឃាត់ការបោះចោលសំរាម សំណល់រឹង ត្រូវទទួលការពិនយ័អន្តរការណ៍ជាប្រាក់ និងទណ្ឌកម្មដូចខាងក្រោម៖ ២ម៉ឺនរៀលចំពោះអ្នកទេសចរណ៍ ប្រមូលវិចខ្ចប់ដាក់ធុងសំរាមដែលអាជ្ញាធរកំណត់ផងដែរ, ៥ម៉ឺនរៀល ចំពោះអ្នកលក់ដូរតាមដងផ្លូវសាធារណៈ ប្រមូលវិចខ្ចប់ដាក់ធុងសំរាមដែលអាជ្ញាធរកំណត់ផងដែរ, ១៥ម៉ឺនរៀល ចំពោះអ្នកលក់ដូរតាមផ្ទះ ភោជនីយដ្ឋាន ទីកំសាន្ត ប្រមូលវិចខ្ចប់ដាក់ធុងសំរាមដែលអាជ្ញាធរកំណត់ផងដែរ, ២០ម៉ឺនរៀលចំពោះទីផ្សារ អាជីវកម្ម សេវាកម្ម សិប្បកម្ម ហើយត្រូវទទួលខុសត្រូវប្រមូលសម្អាតដឹកចេញយកទៅទីលាន, ៤០ម៉ឺនរៀលជំពោះរោងចក្រ សហគ្រាស ក្រុមហ៊ុន ហើយត្រូវទទួលខុសត្រូវប្រមូលសម្អាតដឹកចេញយកទៅទីលាន។ ការថែរក្សាបរិស្ថានត្រូវតែផ្តើមចេញពីយើងទាំងអស់គ្នា បរិស្ថានផ្តើមពីយើងបែបនេះ មានតែយើងជាមនុស្សណឹងហើយដែលត្រូវទទួលរងឥទ្ធិពលពីបញ្ហាបរិស្ថានវិញ ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាបរិស្ថានដើម្បីសុខភាពយើង៕