(ស្វីស)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានលើកឡើងថា សហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះ ស្រាយបញ្ហាគ្រាប់បែកចង្កោម។ ការលើកឡើងក្នុងជំនួបទ្វេភាគីជាមួយ លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុកការិយាល័យកិច្ចការនយោបាយ-យោធា នៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីក្រុងឡូសាន ប្រទេសស្វីស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងបានទទួលស្គាល់ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកដល់កិច្ចសង្រ្គោះអាយុជីវិតប្រជាជននៅតាមមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ។
តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានស្នើសុំការពង្រឹងជំនួយដោយផ្ទាល់រវាងប្រទេសទាំងពីរសម្រាប់វិស័យសកម្មភាពមីន ព្រមទាំងបានស្នើសុំឱ្យសហរដ្ឋអាមេរិកបង្កើនការគាំទ្រសម្រាប់ការបោស សម្អាតគ្រាប់បែកចង្កោម។
តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា លោកបណ្ឌិត លី ធុជ បានបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅរបស់អនុសញ្ញា និងបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក លើការអនុវត្តអនុសញ្ញាអូតាវ៉ា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស បានបញ្ជាក់ឡើងវិញនូវចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានកោតសរសើរកម្ពុជាក្នុងភាពជាអ្នកដឹកនាំ និងជំនាញសម្រាប់វិស័យសកម្មភាពមីន។
ជាមួយគ្នានោះ លោក Stanley L. Brown បានកោតសរសើរ និងទទួលស្គាល់ចំពោះការដឹកនាំ និងរួមចំណែករបស់កម្ពុជា ដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ហើយសហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោមផងដែរ៕