ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យបន្តរឹតបន្តឹង កុំឱ្យមានការលក់ថ្នាំញៀន នៅក្នុងពន្ធនាគារ (Video inside)
06-10-2016 16:27
(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញជាថ្មីឱ្យសមត្ថកិច្ចគ្រាប់ជាន់ថ្នាក់បន្តរឹតបន្តឹង កុំឱ្យមានការលក់ថ្នាំញៀន នៅក្នុងពន្ធនាគារ ខណៈសកម្មភាពទាំងនេះកន្លងមកធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសមួយចំនួននៅតំបន់អាស៊ាននេះដែរ។
(សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំបានអង្គុយជាមួយ ប្រធានាធិបតីហ្វីលីពីន ក្នុងកិច្ចប្រជុំចុងក្រោយមុនបែកគ្នា គាត់បាននិយាយអំពីគ្រឿងញៀន នៅក្នុងប្រទេសគាត់ ហើយខ្ញុំក៏ធ្លាប់និយាយលេង ប្រាស្រ័យទាក់ទងជាមួយប្រធានាធិបតី ឥណ្ឌូនេស៊ី គឺរឿងរ៉ាវប្រហាក់ប្រហែលជាមួយនឹងប្រទេសយើងដែរ នៅត្រង់ថា វានៅក្នុងគុកហើយ វាអាចបញ្ជា និងលក់គ្រឿងញៀនក្នុងគុកបានថែមទៀត ដូច្នេះករណីនេះត្រូវតែពង្រឹង»។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យ នីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦នេះ។
ទោះជាយ៉ាងណា ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មគ្រឿងញៀននេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនកែប្រែច្បាប់ដើម្បីឱ្យមានការប្រហារជីវិត ដូចប្រទេសមួយចំនួនឡើយ។
សម្តេចថា «យើងមិនយកវិធានការតាមបែបប្រទេសថៃ កាលពីជំនាន់ថាក់ស៊ីន ហើយយើងក៏មិនយកវិធានការតាមបែបប្រទេសមួយចំនួន ដែលឱ្យសម្លាប់ឆៅៗទេ ហើយយើងក៏មិនអាចអត់ឱនឱ្យបានសម្រាប់ពួកឧក្រិដ្ឋកម្មគ្រឿងញៀននោះដែរ»។
ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់គ្រប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងអាវុធគ្រប់ប្រភេទធ្វើសកម្មភាពព្រមៗគ្នា ដើម្បីឈានទៅបង្រ្កាបគ្រឿងញៀន ដែលកំពុងរីករាលដាលពីប្រទេសមួយទៅប្រទេសមួយផងដែរ៕