(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃកម្ពុជា ក្នុងពិធី «អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្ម ពិភពលោក» នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានថ្លែងថា «សភាពាណិជ្ជកម្មកម្ពុជាត្រូវធ្វើជាតំណាងវិស័យឯកជន ធ្វើការជាមួយរាជរដ្ឋាភិបាល បើវិស័យឯកជនមានបញ្ហា គឺត្រូវដោះស្រាយតាមរយៈសភាពាណិជ្ជកម្មកម្ពុជា»។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤នេះ សភាពាណិជ្ជកម្មកម្ពុជា សូមជម្រាបជូនដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាអាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស និងក្រុមហ៊ុន នៅទូទាំងរាជធានី-ខេត្ត និងសមាគមធុរកិច្ចជាតិ និងអន្តរជាតិ មេត្តាជ្រាបថា សភាពាណិជ្ជកម្មកម្ពុជា គឺជាស្ថាប័នតែមួយគត់ ដែលតំណាងឱ្យ វិស័យឯកជន ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហានានា តាមរយៈយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលមានក្រុមការងារទាំង១៦ និងក្រុមការងារបច្ចេកទេសទាំង៨។
សភាពាណិជ្ជកម្មកម្ពុជា បានស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមនានា និងលើកស្ទួយសកម្មភាព អាជីវកម្ម ធុរកិច្ច និងវិនិយោគ របស់វិស័យឯកជនទាំងក្នុង និងក្រៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងខិតខំកាន់តែល្អ ប្រសើរលើកិច្ចសហការសម្របសម្រួលក្នុងភាពជាដៃគូ សន្ទនាគ្រប់ជ្រុងជ្រោយ ជាមួយក្រសួង-ស្ថាប័នរដ្ឋ ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នឹងបង្កើនកិច្ច សហប្រតិបត្តិការស្អិតល្មួត និងវប្បធម៌សន្ទនារវាង ផ្នែកឯកជន ជាមួយ រដ្ឋាភិបាល និងរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន និងវិនិយោគិន ក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជន និងរដ្ឋ តាមរយៈការផ្ដល់កិច្ច សម្រួលនានា ដែលរួមចំណែកក្នុងការធ្វើ ឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ នៅកម្ពុជា។
អាស្រ័យហេតុនេះ សូម អាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស និងក្រុមហ៊ុន នៅទូទាំងរាជធានី-ខេត្ត និង សមាគមធុរកិច្ចជាតិ និងអន្តរជាតិ ដែលមាន បញ្ហាប្រឈម សំណូមពរ ធាតុចូល និងអនុសាសន៍ផ្សេងៗ សូមមេត្ត បញ្ជូនមក សភាពាណិជ្ជកម្មកម្ពុជា ដើម្បីចូលរួមដោះស្រាយ ឱ្យមានប្រសិទ្ធិភាព ក្នុងនាមដៃគូរជាមួយក្រសួង-ស្ថាប័ នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
សភាពាណិជ្ជកម្មកម្ពុជា សូមថ្លែងអំណរគុណអាជីវករ ពាណិជ្ជករ ម្ចាស់សហគ្រាស និងក្រុមហ៊ុន នៅ ទូទាំងរាជធានី-ខេត្ត និងសមាគមធុរៈ កិច្ចជាតិ និងអន្តរជាតិ ដែលតែងតែចូលរួមជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុង ការជួយលើកស្ទួយ វិស័យឯកជន និងសេដ្ឋកិច្ចជាតិ៕